(ត្បូងឃ្មុំ)៖ លោក ប្រាជ្ញ ចន្ទ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ស្នើប្រជាពលរដ្ឋមានការពិចារណាឲ្យបានត្រឹមត្រូវ កុំជឿតាមការញុះញ៉ង់របស់ក្រុមអគតិ ហើយត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ឲ្យបានល្អប្រសើរក្នុងការផ្តល់ព័ត៌មានរាល់បញ្ហា និងគ្រោះមហន្តរាយដែលកើតមាន ជាពិសេសចលនានានារបស់ ក្រុមបក្សប្រឆាំងផ្កាប់មុខ ដើម្បីក្នុងការចូលរួមការពារសន្តិភាពដែលកំពុងមាន លើការបន្តការអភិវឌ្ឍនប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែរលោក បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងក្តាប់រាល់បញ្ហាប្រឈមនានាក្នុងមូលដ្ឋាន ជាមួយអាជ្ញាធរ ឃុំ សង្កាត់ ភូមិ លោកគ្រូ អ្នកគ្រូ អាជីវករ និងប្រជាពលរដ្ឋសរុបចំនួន៧១០នាក់ ក្នុងស្រុក/ក្រុងចំនួន៥ នៅខេត្តត្បូងឃ្មុំ រួមមាន៖ ឃុំអំពិលតាពក ស្រុកអូរាំងឪ សង្កាត់សួង ក្រុងសួង ឃុំក្រែក ស្រុកពញាក្រែក ឃុំក្រូចឆ្មារ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ នៅថ្ងៃទី៥ និងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ។

លោក ប្រាជ្ញ ចន្ទ អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ និងជាប្រធានគណៈកម្មការទី១នៃរដ្ឋសភា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ទូទាំងខេត្តត្បូងឃ្មុំ ដែលបានបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលបានថែរក្សាសុខសន្តិភាព អភិវឌ្ឍប្រទេស និងទប់ស្កាត់ការរាល់ការប៉ុនប៉ង បង្កើតចលនាបដិវត្តន៍ពណ៌ ពីជនអគតិមួយចំនួន។

ពាក់ព័ន្ធការប្រកាសវិលត្រឡប់របស់ទណ្ឌិត សម រង្សី ដែលជាជនកំពុងមានទោសជាច្រើន នាថ្ងៃទី០៩ ខែវិច្ឆិកាខាងមុខនេះ លោក ប្រាជ្ញ ចន្ទ បានលើកឡើងថា វាជាផ្នែកមួយនៃចលនាបដិវត្តន៍ពណ៌ ដែលបង្កអស្ថេរភាពក្នុងប្រទេស ដែលគ្រប់គ្នាមិនអាចទទួលយកបាន ដូច្នេះស្នើឲ្យប្រជាពលរដ្ឋ មានការពិចារណាឲ្យបានត្រឹមត្រូវ កុំជឿតាមការញុះញង់របស់ក្រុមអគតិ ហើយបើមានប្រជាពលរដ្ឋណាជ្រុលជ្រួសទៅគាំទ្រអ្នកមានទោស ចូលរួមសកម្មភាពជាមួយអ្នកមានទោស បានន័យថា កំពុងអនុវត្តផ្ទុយនឹងច្បាប់ ហើយច្បាប់នឹងមានវិធានការតាមការជាក់ស្តែង។

តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ បានកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំខេត្ត ស្រុក និងក្រុមប្រឹក្សាឃុំទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ដល់ការបំពេញការងារបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានឲ្យមានសុខសុវត្ថិភាព និងការរីកចម្រើន ហើយទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជូនរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន យ៉ាងច្រើនលើសលុបផងដែរ៕