(ក្រុងរ៉ូម)៖ ក្រុមខ្លាំងៗមានដូចជា ដាណឺម៉ាក ស៊ុយអែត អ៊ីតាលី និងអេស្ប៉ាញ សុទ្ធតែរកបាន ៣ពិន្ទុក្នុងការប្រកួតទី៥ វគ្គសន្សំពិន្ទុក្នុងពូលនាយប់មិញនេះដូចគ្នា នៃវគ្គជម្រុះពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2020។

អេស្ប៉ាញ ដែលជាជើងឯកពានខាងលើច្រើនជាងគេនោះ បានយកឈ្នះគូប្រជែងម្ចាស់ផ្ទះរ៉ូម៉ានី ក្នុងលទ្ធផល ២-១ រក្សាកំណត់ត្រាលេង ៥ប្រកួតមិនចាញ់ និងរកបាន ១៥ពិន្ទុឈរនៅកំពូលតារាងដាច់ ស្របពេលស៊ុយអែត ដែលជាក្រុមកំពុងឈរនៅលេខ២ ក្នុងពូលក៏បានបំបាក់ម្ចាស់ផ្ទះកោះហ្វារ៉ូ ក្នុងលទ្ធផល ៤-០ និងន័រវ៉េ ក៏រកបាន ៣ពិន្ទុដូចគ្នា តាមរយៈលេងឈ្នះក្រុមភ្ញៀវម៉ាល់តា ២-០ ដែលជាក្រុមស្ថិតក្នុងពូល G ជាមួយគ្នានោះ។

ដោយឡែកសម្រាប់គូពិសេសរាត្រីនេះក្នុងវគ្គជម្រុះ Euro 2020 ក៏រួមមានក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ ប៉ះក្រុមឡើងជើង ហូឡង់ និងក្រុមរងជើងឯក World Cup 2018 ក្រូអាត ត្រូវប៉ះម្ចាស់ផ្ទះស្លូវ៉ាគី គ្រាដែលបិសាចក្រហមប៊ែលហ្សិក ត្រូវប៉ះម្ចាស់ផ្ទះសាំងម៉ារ៉ាំងដែលចាប់ផ្តើមឡើងនាម៉ោង ១៖៤៥នាទីរំលងអាធ្រាត្រនេះដូចគ្នានៃវគ្គសន្សំពិន្ទុនៃពូល C, E និងពូល I ដែលមានការផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ទាំង៣ របស់ក្រុមហ៊ុន CBS រួមមាន CTN, MyTV និង CNC ផងដែរ៕