(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំពិភាក្សា និងធ្វើបទបង្ហាញស្តីពី របាយការណ៍សង្ខេបលទ្ធផលការងារចុះពិនិត្យ និងកំណត់ព្រំ ប្រទល់ទីតាំងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប វិនិយោគលើដំណាំដូងប្រេង និងដំណាំដំឡូងមី ដែលមានព្រំប្រទល់ ៣ស្រុក ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩។

អភិបាលខេត្ត បានលើកឡើងថា កិច្ចប្រជុំដើម្បីស្វែងយល់អំពីផ្លូវច្បាប់ និងនីតិវិធីឱ្យបានច្បាស់លាស់ និងបទបង្ហាញរបស់មន្ត្រីជំនាញ នៃការចុះបញ្ជីដីកសិកម្មពាក់ព័ន្ធនឹងផ្លូវច្បាប់ និងគោលការណ៍ ច្បាប់ជាសំខាន់ ឈានទៅធ្វើការចុះបញ្ជីដីរដ្ឋនៅទូទាំងខេត្តព្រះសីហនុ ដើម្បីការពារកុំឱ្យមានការរំលោភបំពានបន្តទៀត ទប់ស្កាត់ភាពអនាធិបតេយ្យ និងដោះស្រាយបញ្ហាកង្វល់របស់ប្រជាពលរដ្ឋ។
តាមមន្ត្រីបច្ចេកទេសមន្ទីរកសិកម្ម បានបញ្ជាក់ថា ដំណើរការចុះបញ្ជី ទី១ ផ្អែកលើ សជណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតវិនិយោគលើកសិកម្មពីឆ្នាំ១៩៩៥ ដែលមានកិច្ចសន្យាវិនិយោគ រវាងក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងខែមីនា ឆ្នាំ១៩៩៦ ក្រុមហ៊ុន បានបើកការដ្ឋានបណ្តុះកូនដូងប្រេងនៅឆ្នាំ១៩៩៧ លើផ្ទៃដីចំនួន ១១,០០០ហិកតា និងដីកសិកម្មដាំដំឡូងមីមានចំនួន ១,៨០០ហិកតា។

លោកអភិបាលខេត្ត បានណែនាំឱ្យអភិបាលរងខេត្ត អភិបាលស្រុកទាំង៣ មេឃុំ សហការជាមួយមន្ទីរជំនាញ ក្រុមហ៊ុន និងប្រជាពលរដ្ឋ បង្កើតក្រុមការងារបច្ចេកទេសមួយ ដើម្បីចុះកំណត់ ទីតាំងព្រំប្រទល់ដី ដោយកំណត់ផែនទីឯកភាពមួយ ជៀសវាងគូរផែនទីកំណត់ទីតាំងរវាងក្រុមហ៊ុន ជាន់គ្នាជាមួយដីប្រជាពលរដ្ឋ តាមនិតិវិធីសុរិយោដី អនុវត្តតាមគោល នយោបាយ និងចរាចរណ៍លេខ ០១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋរស់នៅអាស្រ័យផលជាក់ស្តែង៕