(បាត់ដំបង)៖ ដោយសារមានភ្លៀងធ្លាក់ ក្នុងបរិមាណយ៉ាងច្រើន ក្នុងរយៈពេលជិតមួយសប្តាហ៍កន្លងមកនេះ បណ្តាលឲ្យកើតឡើងនូវជំនន់នៅប៉ែកខាងក្រោមលិចភូមិ ផ្ទៃដីដំណាំរបស់បងប្អូន ប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកឯកភ្នំ និងស្រុកសង្កែនោះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យមន្រ្តីជួយអន្តរាគមន៍ជាបន្ទាន់។

ក្រោយមានបញ្ជាពីរដ្ឋមន្រ្តីធនធានទឹករួចមក មន្ទីរធនធានទឹកខេត្តបាត់ដំបង បានចាត់ប្រតិបត្តិការជាបន្ទាន់ ដោយប្រើប្រាស់គ្រឿងចក្រភូមិភាគរបស់ក្រសួង ដែលមាននៅទីនោះស្រាប់ កាយប្រឡាយបើកមុខទឹកពីឃុំសំរោង ស្រុកឯកភ្នំ ឆ្ពោះទៅឃុំតាប៉ុន ស្រុកសង្កែ។

ក្នុងប្រតិបត្តិការនាថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមផ្ទាល់ពីសំណាក់លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំមួយចំនួនទៀតផងដែរ៕