(ប៉េកាំង)៖ អ្នកសារព័ត៌មានកម្ពុជា ក្នុងនោះមានអ្នកសារព័ត៌មាន Fresh News និងអង្គភាពព័ត៌មានមកពី ១៧ប្រទេសផ្សេងទៀត បានបន្តធ្វើទស្សនកិច្ច នៅអង្គភាពព័ត៌មាន The Global Times ដែលជាអង្គភាពព័ត៌មានដ៏ធំមួយ របស់ប្រទេសចិន នាទីក្រុងប៉េកាំង។ ទស្សនកិច្ចនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី០៥ ខែកញ្ញាម្សិលមិញ។

The Global Times ត្រូវបានបង្កើតឡើងដោយសារមានការឯកភាពពី People's Daily និងការិយាល័យព័ត៌មាននៃក្រុមប្រឹក្សារដ្ឋរបស់ចិន។ វាមានគេហទំព័រ www.huanqiu.com  ។

ក្នុងដំណើរទស្សនកិច្ច ប្រតិភូព័ត៌មានទាំងអស់ បានផ្លាស់ប្តូរយោបល់ និងបទពិសោធន៍នានា ជាមួយអ្នកសារព័ត៌មាន ដែលធ្វើការងារនៅអង្គភាពនេះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ នៅការិយាល័យរបស់ The Global Times ត្រូវបានតាំងលម្អ ដោយរុក្ខជាតិខៀវខ្ចី ធ្វើឱ្យបរិយាកាសការងារ មានភាពទាក់ទាញយ៉ាងក្រៃលែង។

សូមបញ្ជាក់ថា គណៈកម្មការភាពជាអ្នកជិតខាងល្អ មិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (GNFCC SCO) បានអញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអង្គភាពព័ត៌មាន មកពី១៧ប្រទេសផ្សេងទៀត ឱ្យធ្វើទស្សនកិច្ច នៅប្រទេសចិន ចំនួន១០ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។ លោក កែវ ពិសិដ្ឋ ការីទទួលបន្ទុកផ្នែកនយោបាយ នៃអង្គភាពព័ត៌មាន Fresh News ត្រូវបានចាត់តាំងឱ្យចូលរួម ដើម្បីតបតាមការអញ្ជើញនេះ។

ក្រៅពីកម្ពុជា មាន១៧ប្រទេសទៀត ដែលមកធ្វើទស្សនកិច្ចនៅប្រទេសចិន ក្រោមប្រធានបទ Medea Delegation របស់ SCO។ ប្រទេសទាំងនោះ រួមមាន ចិន (អ្នករៀបចំកម្មវិធី) ឥណ្ឌា កាហ្សាក់ស្ថាន Kyrgy ប៉ាគីស្ថាន រុស្ស៊ី តាជីគីស្ថាន Uzbekistan អាហ្វកានីស្ថាន បេឡារុស អ៉ីរ៉ង ម៉ុងហ្គោលី អាហ្សេបេហ្សង់ អាមេនី នេប៉ាល់ តួកគី ស្រីឡាងកា។

ក្នុងនាមជាអនុស្ថាប័ន ដែលជាផ្នែកមួយនៃ ក្រសួងការបរទេស, GNFCC បានប្តេជ្ញាពង្រីកបណ្តាញផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ប្រកបដោយភាពស្និទ្ធស្នាល ក្នុងចំណោមប្រទេស SCO និងរួមចំណែក ដល់ការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់។ SCO ត្រូវបានប្រកាសឡើងដោយ កតិកាសញ្ញាមួយ នៅឆ្នាំ២០០១ ក្រោមគំនិតផ្តួចផ្ដើមរបស់ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង និងត្រូវបានចុះហត្ថលេខានៅឆ្នាំ២០០២ ហើយត្រូវបានចូលជាធរមាន នៅឆ្នាំ២០០៣។

បច្ចុប្បន្ននេះ SCO មានប្រទេសជាសមាជិកចំនួន៨ រួមមាន ចិន ឥណ្ឌា កាហ្សាក់ស្ថាន Kyrgyzstan ប៉ាគីស្ថាន រុស្ស៊ី តាជីគីស្ថាន និង Uzbekistan។ ប្រទេសជាអ្នកសង្កេតការណ៍មាន៤ រួមមាន អាហ្វកានីស្ថាន បេឡារុស អ៉ីរ៉ង និងម៉ុងហ្គោលីចំណែកឯ ប្រទេស ដែលជាដៃគូសន្ទនាមាន៦ រួមមាន កម្ពុជា អាហ្សេបេហ្សង់ អាមេនី នេប៉ាល់ តួកគី និងស្រីឡាំងកា៕