(ភ្នំពេញ)៖ លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានចាត់ទុកការប្រកាសវិលចូលស្រុករបស់ទណ្ឌិត សម រង្ស៉ី គឺជាទង្វើមួយបម្រើដល់ប្រយោជន៍បរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន។ តែលោក ងី ច័ន្ទ្រផល មិនបានបញ្ជាក់ថា ទង្វើរបស់លោក សម រង្ស៉ី បម្រើឱ្យប្រយោជន៍មហាអំណាចណាមួយនោះឡើយ។

ការបញ្ជាក់ថារបស់លោក ងី ច័ន្ទ្រផល បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៉ី បានប្រកាសវិលត្រឡប់ចូលស្រុកវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ បន្ទាប់ពីរូបលោក បានរត់ចេញពីកម្ពុជាជាច្រើនឆ្នាំមកហើយ ដើម្បីគេចចេញពីការអនុវត្តន៍ច្បាប់របស់កម្ពុជា។

ក្នុងសន្និសីទព័ត៌មានស្តីពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជារៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ងី ច័ន្ទ្រផល បានលើកឡើងថា លោកសោកស្តាយចំពោះទង្វើរបស់លោក សម រង្ស៉ី ហើយចាត់ទុកទង្វើរបស់នេះធ្វើឱ្យបាត់បង់នូវតម្លៃជាខ្មែរ។

«គ្រាន់តែស្តាយ ស្តាយដែលថា គាត់ជាខ្មែរម្នាក់តែធ្វើសកម្មភាពហ្នឹងបាត់បង់នូវអត្តសញ្ញាណខ្លួនឯងជាខ្មែរ។ សម្រាប់អត្ថប្រយោជន៍ខ្មែរគាត់បាត់បង់ ដោយសារតែជឿទៅលើបរទេស ខ្ញុំនិយាយមួយមាត់ទៅចុះ គាត់ជាឧបករណ៍របស់មហាអំណាចទេ មិនមែនជាអ្នកធ្វើកិច្ចការហ្នឹងទេ។ គាត់គ្មានចេតនានឹងដឹកនាំប្រទេសទេ ចេតនាធ្វើយ៉ាងម៉េចផ្តួលរំលំរដ្ឋាភិបាលតែប៉ុណ្ណឹងទេ។ អ៊ីចឹងយើងគិតថា នេះជាចេតនាដ៏ខ្មៅកខ្វក់នៃខ្មែរម្នាក់ដែលនៅបរទេសធ្វើឱ្យបាត់បង់ការគាំទ្រ»។ លោក ងី ច័ន្ទ្រផល បានគូសបញ្ជាក់។

លោក ងី ច័ន្ទ្រផល មិនបានបង្ហាញថា ទង្វើរបស់លោក សម រង្ស៉ី បម្រើប្រយោជន៍ឱ្យបរទេសណាមួយនោះឡើយ។ ទោះបីគ្មានការបញ្ជាក់ពីប្រទេសដែលទទួលប្រយោជន៍ពីសកម្មភាពរបស់ទណ្ឌិត សម រង្ស៉ី យ៉ាងណាក្តី តែក្រុមអ្នកវិភាគនយោបាយមួយចំនួនបានមើលឃើញថា ប្រសិនបើសកម្មភាពរបស់លោក សម រង្ស៉ី ទទួលបានជោគជ័យ ប្រទេសដែលទទួលបានប្រយោជន៍នោះ គឺសហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក ត្រូវបានក្រុមអ្នកវិភាគនយោបាយមើលឃើញថា កំពុងធ្វើសកម្មភាពមួយចំនួនប្រជែងយកឥទ្ធិពលនៅឥណ្ឌូចិនជាមួយប្រទេសចិន។ ដូច្នេះការធ្វើឱ្យដួលរលំរាជរដ្ឋាភិបាលកម្ពុជាដែលស្និទ្ធជាមួយប្រទេសចិន គឺជាបំណងមួយក្នុងនយោបាយពង្រីកឥទ្ធិពលនៅឥណ្ឌូចិនរបស់មហាអំណាចអាមេរិក។

បើទោះបីជាយ៉ាងណា លោក ងី ច័ន្ទ្រផល បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាមិនបានខ្វាយខ្វល់ចំពោះការប្រកាសវិលចូលស្រុករបស់ទណ្ឌិត សម រង្ស៉ី នោះឡើយ។ តែរាជរដ្ឋាភិបាល បានត្រៀមវិធានការអនុវត្តន៍ច្បាប់រួចរាល់ហើយសម្រាប់ទណ្ឌិត សម រង្ស៉ី៕