(ព្រះសីហនុ)៖ នាវាកងទ័ពជើងទឹកឥណ្ឌា ចំនួន២គ្រឿង ឈ្មោះ INS KILTAN ជាប្រភេទនាវាប្រឆាំង នាវាមុជទឹក និងនាវាឈ្មោះ INS SAHYADRI (F49) ជាប្រភេទនាវាចម្បាំងមីស៊ីល នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចូលសំចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចសុច្ឆន្ទៈនៅកម្ពុជា រយៈពេល៤ថ្ងៃ គិតពីថ្ងៃនេះ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩។

បើតាមមន្ត្រីកងជេីងទឹក​ មូលដ្ឋានសមុទ្រ​ បានឲ្យដឹងថា នាវាកងទ័ពជើងទឹកឥណ្ឌា ទាំង២គ្រឿងនេះ មានលក្ខណៈបច្ចេកទេស រួមមាន៖

* លក្ខណៈបច្ចេកទេស របស់នាវា INS KILTAN៖ ទំងន់ផ្ទុក៣,១៥០តោន, ប្រវែង១១០ម៉ែត្រ, ទទឹង១២.៨ម៉ែត្រ, ជំរៅទឹក៧ម៉ែត្រ, ល្បឿន៤៦គីឡូម៉ែត្រ ក្នុង១ម៉ោង និងកម្លាំងចំណុះ២៨០នាក់ (មន្ត្រី៣០នាក់, នាវិក២៥០នាក់)។

* លក្ខណៈបច្ចេកទេស របស់នាវា INS SAHYADRI (F49)៖ ទំងន់ផ្ទុក ៦,២០០តោន, ប្រវែង១៤៣ម៉ែត្រ, ទទឹង១៧ម៉ែត្រ, ជំរៅទឹក៧ម៉ែត្រ, ល្បឿន៥៩គីឡូម៉ែត្រ ក្នុង១ម៉ោង និងកម្លាំងចំណុះ៣៩០នាក់ (មន្ត្រី៤០នាក់, នាវិក៣៥០នាក់)។

នៅព្រឹកមិញលោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្រ បានដឹកនាំនាយនាវីមូលដ្ឋានសមុទ្រទទួលស្វាគមន៍ប្រតិភូនាវាកងទ័ពជើងទឹកឥណ្ឌាចំនួនពីរគ្រឿងផងដែរ។

ដោយឡែកនៅវេលាម៉ោង១៤​០០នាទីរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកវរនាវីឯក Ashwin Arvind មេបញ្ជាការនាវា INS SAHYADRI និង​ ចូលជួបសម្តែងការគួរសម​ ជាមួយ​ ឯកឧត្ដម​ ឧត្តមនាវីឯក​ មេបញ្ជាការ​មូលដ្ឋានសមុទ្រ​ និង​ ឯកឧត្តម​ អភិបាល​ នៃ​គណអភិបាលខេត្តព្រះសីហនុ​ ផង​ដែរ៕