(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានប្រគល់បណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២.៣៥៥បណ្ណ ដល់បងប្អូនប្រជាពលរដ្ឋចំនួន ៨៨១គ្រួសារ រស់នៅក្នុងភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ។

លោក វ៉ា ថន បានលើកឡើងថា រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ចំពោះវិស័យដីធ្លី និងបានធ្វើកំណែទម្រង់វិស័យដីធ្លី ដូចជា ការផ្តល់ប័ណ្ណសម្គាល់ពីគំរូចាស់មកបណ្ណថ្មី ដែលមានលក្ខណៈពិសេស មិនអាចក្លែងបន្លំបាន និងមានសុវត្ថិភាពក្នុងការគ្រប់គ្រង។

ការផ្តល់បណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ ជាការបញ្ចប់បញ្ហាទំនាស់ព្រំដី និងសម្គាល់ម្ចាស់ទ្រព្យស្របច្បាប់ ហើយជាប្រយោជន៍ក្នុងការប្រើប្រាស់ដាក់បញ្ចាំ និងធ្វើការ ដាំដុះដំណាំកសិកម្ម លើរបបប្រចាំថ្ងៃបានដោយខ្លួនឯង។ តែសូមប្រុងប្រយ័ត្នលើការដាក់បញ្ចាំលើសសមត្ថភាពទ្រព្យ និងអាជីវកម្មរបស់ខ្លួនដែលអាចបណ្តាលឲ្យបាត់បង់ទ្រព្យ និងមុខរបរ។

លោកណែនាំថា ត្រូវចេះទុកដាក់ឲ្យស្រួលកន្លែងមានសុវត្ថិភាព ត្រូវថតចម្លងឯកសារទាក់ទងនឹងព័ត៌មានដីកម្មសិទ្ធិ ដើម្បីងាយស្វែងរកក្នុងករណីខូច ឬបាត់ តែសម្រាបបណ្ណកម្មសិទ្ធិសម្គាល់ដីនេះ មិនអនុញ្ញាតឲ្យយកទៅអ៊ុតនោះទេ ព្រោះវាអានឹងខូចបាន។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅតូចៗ ពីការលង់ទឹក ដោយឆ្នាំនេះស្ថានភាពទឹកទន្លេមេគង្គ កើនឡើនច្រើនកៀកនឹងកម្រិតប្រកាសអាសន្ន និងអាចឡើងលើសកម្រិតប្រកាស់អាសន្ន និងត្រូវត្រៀមបង្ការស្បៀង រួមនិងថែរក្សាអនាម័យសុខភាព ជាពិសេសការហូបចុកប្រចាំថ្ងៃ គឺបន្លែ ហើយត្រូវប្រុងប្រយ័ត្នពីសត្វល្អិតតិចឬខាំ និងសត្វមានពិស ត្រូវធ្វើការបោសសម្អាតជាប្រចាំក្នុងពេល រដូវទឹកលិចនេះ ហើយករណីមានសត្វតិចឬខាំ និងបញ្ហាអនាម័យសុខភាព ត្រូវប្រញាប់ទៅរកសេវាពិគ្រោះ និងព្យាបាលនៅមណ្ឌលសុខភាពដែលនៅជិតបំផុត ។

លោកបញ្ជាក់ទៀតថា សុខទុក្ខ និងសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ ជាក្តីកង្វល់របស់រាជរដ្ឋាភិបាល ដែលត្រូវធ្វើការអន្ត្រាគមន៍ដោះស្រាយ និងឆ្លើយតបឲ្យបានទាន់ពេលវេលា និងត្រៀមបង្ការជានិច្ចនូវកម្លាំង សម្ភារ និងមធ្យោបាយសរុប ដើម្បីត្រៀមឆ្លើយតបនឹងគ្រោះមហន្តរាយនេះ៕