(កំពង់ស្ពឺ)៖ រយៈពេល២ថ្ងៃ នៃការបង្ក្រាបបទល្មើសធនធានធម្មជាតិដ៏ក្តៅគគុក របស់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រធានគណៈកម្មាធិការជាត់ទប់ស្កាត់ និងបង្ក្រាបធនធានធម្មជាតិ និងមានការអនុញ្ញាតពីលោក វ៉ី សំណាង ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ, កម្លាំងកងរាជអាវុធហត្ថខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវទ្រង់ទ្រាយធំ ដោយបានប្រើប្រាស់កម្លាំងល្បាតរុករកក្នុងព្រៃ រហូតឈានដល់ការបង្ក្រាប រថយន្តបាកុងដឹកឈើចំនួន៣គ្រឿង ព្រមទាំងរកឃើញឈើជាច្រើនម៉ែត្រគូប ដែលក្រុមឈ្មួញលាក់ទុកនៅព្រៃ នៃភូមិសាស្រ្តស្រុកឱរ៉ាល់។

ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការខេត្ត បានថ្លែងបញ្ជាក់ថា កម្លាំងរបស់លោក បានបើកប្រតិបត្តិការស្រាវជ្រាវទ្រង់ទ្រាយធំ រុករកនៅក្នុងព្រៃនារយៈពេល២ថ្ងៃនេះ ហើយឈានដល់ការបង្ក្រាបរថយន្តបាកុងដឹកឈើ៣គ្រឿង និងឈើជាច្រើនផងដែរ។

បើតាមលោកមេបញ្ជាការ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ កម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដឹកនាំដោយលោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការស្រុក បានរុករកឃើញ រថយន្តកែច្នៃ (បាកុង) ចំនួន០៣គ្រឿង និងឈើគរគីចំនួន២ដុំមុខកាត់ធំៗ ដែលស្មើ៩ម៉ែត្រគូប ៦៦៩ផ្លាន នៅក្នុងព្រៃស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់។

លោកបន្តថា ឈើគរគីទាំង២ដុំ បានប្រគល់ឲ្យមន្ត្រីផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ ជាអ្នករក្សាទុក ចំណែកឯឡានកែច្នៃបាកុង យកមករក្សាទុកជាណ្តោះអាសន្ន នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដើម្បីស្រាវជ្រាវរកមុខសញ្ញា ប្រព្រឹទ្ធបទល្មើសព្រៃឈើបន្តទៀត។

ដោយឡែកនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានបន្តការរុករកបទល្មើសធនធានធម្មជាតិ បានបន្តរុករកនៅក្នុងព្រៃខាងលិចភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ជាកន្លែងឈ្មួញលាក់ឡានបាកុងពីលើកមុន ក៏បានប្រទះឃើញឈើ ប្រភេទម្រេញ៩ដុំ មុខធំៗ និងគរគីចំនួន១ដុំ ដែលឈ្មួញបានលាក់ ចំនួន៥ទីតាំង ក្នុងព្រៃមួយកន្លែងស្ថិតក្នុងភូមិ-ឃុំខាងលើ។

របាយការណ៍របស់ទីបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ឈើដែលរកឃើញនោះមាន ចំនួន១០ដុំស្មើ ៥៧,៤៧២ម៉ែត្រគូប ចំណែកឯឈើម្រេញចំនួន ៤៥សន្លឹកទៀតស្មើ ៣,៣៧៥ម៉ែត្រគូប ដែលជនមិនស្គាល់មុខយកមកលាក់ទុក។ វត្ថុតាងទាំងនេះត្រូវបានអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញត្រួតពិនិត្យមើលទាំង ២លើកផងដែរ។

បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថស្រុក កំពុងការពារនៅនិងកន្លែងរង់ចាំប្រមូល និងប្រគល់ជូនជំនាញដើម្បីអនុវត្តតាមនិតិវិធី។

កាលពីពេលកន្លងទៅ នាយឧត្តមសេនីយ៍ សៅ សុខា បានដាក់ចេញជាទិសស្លោកចំនួន៤ «ប្រទេសជាតិត្រូវតែការពារ ប្រជាជនត្រូវតែបម្រើ ទាំងអស់គ្នាគោរពច្បាប់ និងបទល្មើសត្រូវតែបង្ក្រាបដោយម៉ឺងមាត់»។ ជាលទ្ធផល បានរកឃើញនូវបញ្ហាមួយចំនួន ដែលបង្កឲ្យមានបទល្មើសព្រៃឈើ ហើយនាយឧត្តមសេនីយ៍ បានដាក់ចេញនូវវិធានការបន្ទាន់ និងការងារបន្តធ្វើដូចខាងក្រោម៖

*ទី១៖ ពង្រឹងការចេញលិខិតបទដ្ឋាននានា ពាក់ព័ន្ធនឹងផលអនុផលព្រៃ ដីសម្បទាននានា ជាពិសេសមន្ត្រីរដ្ឋបាលព្រៃឈើ អនុវត្តនីតិវិធីត្រឹមត្រូវ
*ទី២៖ ពង្រឹងការគ្រប់គ្រងតាមសមត្ថកិច្ចរបស់ខ្លួន
*ទី៣៖ ត្រូវធ្វើការត្រួតពិនិត្យ ណែនាំក្រុមហ៊ុនឲ្យអនុវត្តតាមកិច្ចសន្យា កិច្ចព្រមព្រៀង និងសហការឲ្យបានល្អ ត្រឹមត្រូវតាមច្បាប់
*ទី៤៖ រួបរួមគ្នាចូលរួមធ្វើការល្បាត ពួនស្ទាក់តាមយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក សំខាន់មន្ត្រីជំនាញទាំង២ រដ្ឋបាលព្រៃឈើ បរិស្ថាន ត្រូវរៀបចំផែនការ ដឹកនាំ អនុវត្ត និងមានការដឺកនាំត្រួតពិនិត្យ ពីសំណាក់ប្រធានគណៈបញ្ជាការឯកភាព
*ទី៥៖ បន្តខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ។ មធ្យោបាយដែលកែច្នៃសម្រាបតែបំផ្លាញឈើ ត្រូវតែបន្តកម្ទេចចោល រីឯមធ្យោបាយប្រើប្រាស់ជាប្រយោជន៍បានរក្សាទុក និងឈើដែលរឹបអូសការពារ កុំឲ្យបាត់បង់ កុំឲ្យឆេះ រក្សាទុករងចាំការសម្រេច។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ការងារបន្តសុំឲ្យអប់រំផ្សព្វផ្សាយច្បាប់ដល់មន្ត្រីក្រោមឱវាទ, សុំពង្រឹងជំនាញបរិស្ថាន រដ្ឋបាលព្រៃឈើ ដោយធ្វើផែនការទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ, ពេលមានកិច្ចប្រជុំសុំដាក់ខ្លឹមសារអំពីព្រៃឈើធ្វើការពិភាក្សា ដាក់ចេញទិសដៅបន្ត និងត្រូវគ្រប់គ្រងមន្ត្រីរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ត្រូវធ្វើជាគំរូ៕