(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំ បូកសរុបលទ្ធផល នៃការចុះធ្វើវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តបាត់ដំបង។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលមហោស្រពស្ទឹងសង្កែក្រុងបាត់ដំបង នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយមានការអញ្ជើញចូលរួមពីសមាជិក រាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធានក្រុមការងារចុះជួយក្រុង ស្រុក ឃុំនានាក្នុងខេត្ត ថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្តក្រុង ស្រុក សមាជិក សមាជិការក្រុមការងារ មន្រ្តីរាជការនានាជុំវិញខេត្តជាច្រើននាក់ផងដែរ។

បន្ទាប់ពីសុន្ទរកថាស្វាគមន៍ និងរបាយការណ៍បូកសរុបលទ្ធផលវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង អានដោយលោក ងួន រតនៈ អភិបាលខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងារថ្នាក់ជាតិ ចុះមូលខេត្តបាត់ដំបងរួចមក សម្តេចក្រឡាហោម ស ខេង បានផ្តល់នូវអនុសាសន៍លើបញ្ហា ចម្បងៗចំនួន៣ចំណុច គឺទី១៖ ការវាយតម្លៃអំពីលទ្ធផល នៃការរៀបចំវេទិកាសាធារណៈ, ទី២៖បញ្ហាប្រឈមដែលប្រមូលបានពីវេទិកាសាធារណៈ និងដំណោះស្រាយ និងទី៣៖ ដៅការងារពីនេះដល់ដំណាច់ឆ្នាំ២០១៩។

សម្តេចក្រឡាហោម ស ខេង បានគូបញ្ជាក់ថា បន្ទាប់ពីបានប្រមូលលទ្ធផលរាល់បញ្ហាប្រឈមជុំទី១នេះ មកយើងមានបញ្ហាប្រឈមប្រមាណជាង១,០០០ករណី សម្រាប់ខេត្តបាត់ដំបង ហើយត្រូវធ្វើការដោះស្រាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងត្រូវធ្វើវេទិកាសាធារណៈបន្តទៀត ដើម្បីប្រមូលទិន្នន័យបន្ថែមទៀត យកមកធ្វើការដោះស្រាយជូនពួកគាត់។

សម្តេចក្រឡាហោម ស ខេង ក៏បានណែនាំទៀតថា ចាប់ពីពេលនេះ រហូតដំណាច់ឆ្នាំ២០១៩ ក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវប្រមូលផ្តុំយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗ ដូចខាងក្រោម៖

*ទី១៖ ប្រមូលផ្តុំរៀបចំផែនការសកម្មភាពរបស់ក្រុមការងារឃុំ សង្កាត់ ក្រុមការងារក្រុង ស្រុក និងក្រុមការងារខេត្ត ដើម្បីដោះស្រាយបញ្ហាប្រឈម សំណើ សំណូមពរនានា ដែលប្រមូលបានពីវេទិកាសាធារណៈ តាមគោលការណ៍ និងវិធានការដូចបានគូសបញ្ជាក់ខាងលើ ដោយត្រូវធ្វើការតាមដានត្រួតពិនិត្យ និងធ្វើរបាយការណ៍អំពីវឌ្ឍនភាពក្នុងការដោះស្រាយជារៀងរាល់ខែ។

*ទី២៖ បន្តសហការចុះបំពេញការងារតាមមូលដ្ឋាននានា ពិសេសការចុះតាមខ្នងផ្ទះដើម្បីជួបប្រាស្រ័យទាក់ទង ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សំដៅស្វែងយល់អំពីក្តីកង្វល់ សំណើ សំណូមពរជាក់ស្តែងតាមគ្រួសារប្រជាពលរដ្ឋ ហើយបញ្ហាប្រឈម សំណើ សំណូមពរណាដែលក្រុមការងារ មានលទ្ធភាពអាចដោះស្រាយបាន ក្រុមការងារត្រូវធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ ចំពោះបញ្ហាទាំងឡាយណាដែលមិនអាចដោះស្រាយបាន ត្រូវធ្វើរបាយការណ៍ជូនក្រុមការងារថ្នាក់លើដើម្បីពិនិត្យ និងសហការសម្របសម្រួលដោះស្រាយ។

*ទី៣៖ ត្រូវពង្រឹង និងលើកកម្ពស់សមត្ថភាពរបស់ថ្នាក់ដឹកនាំ មន្ត្រី និងអង្គភាពគ្រប់លំដាប់ថ្នាក់ នៅថ្នាក់ក្រោមជាតិ ក្នុងការបំពេញការងារ ពិសេសគឺសមត្ថភាព និងភាពជាម្ចាស់ក្នុងការផ្តល់សេវា និងការអភិវឌ្ឍនៅមូលដ្ឋាន ការដោះស្រាយបញ្ហាប្រឈម សំណើ សំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីបញ្ចៀសការពឹងផ្អែកទាំងស្រុងមកលើក្រុមការងារ។

*ទី៤៖ បន្តសហការជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីរួមគ្នាអប់រំប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាពសង្គម ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងសង្គម និងការចូលរួមអភិវឌ្ឍសង្គមលើគ្រប់វិស័យ៕