(កំពង់ចាម)៖ ជនសង្ស័យចំនួន៦នាក់ ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅស្រុកស្ទឹងត្រង់ និងស្រុកចំការលើ ខេត្តកំពង់ចាម ដកហូតបានថ្នាំញៀនមួយចំនួន។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ និងនៅភូមិអូរប៉ិ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។

លោកស្នងការបញ្ជាក់ទៀតថា ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤ របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជំរុញឲ្យមានវិធានការ បង្ក្រាបសកម្មភាពគ្រឿងញៀន។

លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ លោកបានបញ្ជាកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តកំពង់ចាម ជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងជំនាញអធិការដ្ឋានស្រុកចំការលើ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ។

ជាលទ្ធផលបង្ក្រាបបានចំនួន០២ករណី ដោយប្រើវិធានញុះញង់ និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ដកហូតបាន វត្ថុតាងម្សៅក្រាមពណ៌សចំនួន០៦កញ្ចប់ ទូរស័ព្ទចំនួន០៧គ្រឿង ម៉ូតូ០២គ្រឿង ដាវ០២ដើម និងថង់វេចខ្ចប់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕