(កណ្តាល)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា «កុំគិតថាជនមានពិការភាពទាំងអស់សុទ្ធតែមានជីវភាពក្រីក្រ តែក៏មានជនមានពិការភាពមួយចំនួនទៀត មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការស្នាក់នៅ និងហូបចុក ក្នុងសណ្ឋាគារ និងភោជនីយដ្ឋានទំនើបៗដូចប្រជាពលរដ្ឋធម្មតាៗ»។

បន្ថែមពីលើនេះ លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា ការធ្វើវិនិយោគទុនចំពោះជនមានពិការភាពក្នុងវិស័យទេសចរណ៍ គឺជាកត្តាដ៏សំខាន់ក្នុងការលើកកម្ពស់អាជីពសមស្រប និងកំណើនការងារសម្រាប់ជនមានពិការភាពនៅកម្ពុជា រួមមាន អាជីវករ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានម្ចាស់កន្លែងកំសាន្តជាដើម។

លោកបានឲ្យដឹងថា ជនពិការពិតជាមានសក្តានុពល ក្នុងវិស័យទេសចរណ៍ ហើយក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុង វិស័យមួយនេះផងដែរ។

លោក ឯម ច័ន្ទមករា បានលើកឡើងបែបនេះ ខណៈលោកចូលរួមនៅក្នុងសិក្ខាសាលាស្តីពី «ការកាត់បន្ថយភាពក្រីក្រ របស់ជនមានពិការភាពតាមរយៈការលើកកម្ពស់កំណើនការងារ និងអាជីព សមស្របសម្រាប់ជនពិការ ដើម្បីបង្កើនជីវភាពរស់នៅសមរម្យ និងពង្រឹងភាពជាម្ចាស់នៅក្នុងវិស័យទេសចរណ៍» រៀបចំធ្វើនៅខេត្តកណ្តាល នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩។ សិក្ខាសាលានេះរៀបចំដោយក្រុមការងារសកម្មភាពជនពិការនៃក្រសួងទេសចរណ៍ សហការជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងមន្ទីទេសចរណ៍ខេត្តកណ្តាល ដោយបានអញ្ជើញភាគីពាក់ព័ន្ធ ក្នុងវិស័យទេសចរណ៍ជាច្រើននាក់ បានមកទទួលការបញ្ជ្រាបព័ត៌មានជាច្រើនអំពីវិស័យពិការភាពនេះផងដែរ។

លោក ឯម ច័ន្ទមករា ក៏បានស្នើឲ្យម្ចាស់ ឬអ្នកគ្រប់គ្រងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ខារ៉ាអូខេ និងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ចូលរួមយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលទៅដល់ជនពិការ ដោយបង្កើតឲ្យមាន ជំរាលដែលមាន ភ្នាក់ដៃ នៅតាមសណ្ឋាគារ និងភោជនីយដ្ឋានជាដើម។

លោកបន្ថែមថា ការបង្កើតឲ្យមានជំរាលបែបនេះ មិនមែនជួយបង្កភាពងាយស្រួលទៅដល់ជនពិការនោះទេគឺអាចជួយសម្រូល ដល់មនុស្សចាស់ជរាចីះលើរទេះរុញ និងរទេះរបស់កូនក្មេងជាដើម។

ជាមួយគ្នានោះ លោក ហោ សារុន អនុរដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារសកម្មភាពជនពិការក្រសួងទេសចរណ៍ តំណាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងគាំទ្រចំពោះការលើកនេះ ហើយលោកបានបញ្ជាក់ថា ក្រុមការងារ និងអ្នកពាក់ព័ន្ធទាំងអស់ បានបេ្តជ្ញាចិត្តចូលរួមការងារ គ្រប់សកម្មភាពទាំងផ្នែកច្បាប់ និងសីលធម៌ និងខិតខំរកនូវវិធានការ យុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់នូវផលប៉ះពាល់អវិជ្ជមានទាំងឡាយណា ដែលជះឥទ្ធិពលមកល់ជនពិការ។

លោកបានបន្ថែមថា «អតិថិជនទាំងអស់សុទ្ធតែមានតម្លៃស្មើៗគ្នា!» ថ្វីបើគាត់មានពិការភាពមែនពិត តែចិត្តនិងសមត្ថភាពគាត់មិនពិការទេ ដូចនេះសូមឲ្យម្ចាស់អាជីវកម្មទាំងអស់ជ្រើសរើសជនមានពិការភាពចូលបម្រើការងារ១ភាគរយ ស្របនិងស្ថាប័នរដ្ឋ២ភាគរយ។

ជាមួយគ្នានោះ លោក ហោ សារុន ក៏បានធ្វើការផ្តាំផ្ញើ ដល់លោកប្រធានមន្ទីរទេសចរណ៍ខេត្ត ឲ្យលើកទឹកចិត្ដដល់អ្នកដែលបានសម្របសម្រួល និងយកចិត្តទុកដាក់ក្នុងការងារពិការភាព ជាពិសេសអ្នកដែលបានជ្រើសរើសជនពិការបានបម្រើការក្នុងអាជីវកម្មរបស់ខ្លួន៕