(ព្រះសីហនុ)៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ សាខាកាំកុងត្រូលខេត្តព្រះសីហនុ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារថ្នល់បំបែកស្រែអំបិល ខេត្តព្រះសីហនុ។

នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួន មកធ្វើតេស្តបឋម រួមមាន៖ បង្គា ផ្អកកូនត្រី ជ្រក់មមាញ ជ្រក់ស្ពៃចង្កិះ ជ្រក់កំពីងរាជ ជ្រក់ទំពាំងបាយជូ ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញមានវត្តមានសារធាតុគីមីហាមឃាត់ នៅលើគ្រឿងសមុទ្រនោះទេ។ តែបានរកឃើញការដាក់តាំងលក់ទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់ រួមមាន ស្រាបៀរ២កេស, ទឹកម្ទេស៥ដប សរុបទំនិញដកហូតបានប្រហែល ចំនួន២៣.៥០គីឡូក្រាម។

បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកនៅសាខាខេត្តព្រះសីហនុ ដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕