(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញមកបញ្ជាក់ជាមួយការអះអាងដោយមុតមាំថា បំណុលរបស់ចិនមិនមែនជាអន្ទាក់ ដើម្បីបង្កើតជាអណានិគមលើកម្ពុជានោះឡើយ។ ការអះអាងរបស់លោក ស៊ុន ចាន់ថុល ឆ្លើយតបការព្រួយបារម្ភ ក៏ដូចជាការលើកឡើងមួយចំនួនថា ចិនកំពុងរាយអន្ទាក់ដាក់អាណានិគមលើកម្ពុជាតាមរយៈកម្ចីរបស់ខ្លួន។

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានបញ្ជាក់ឱ្យដឹងថា មកដល់ចុងឆ្នាំ២០១៨ កម្ពុជាជាប់បំណុលបរទេសប្រមាណជា ៧ពាន់លានដុល្លារអាមេរិក។ បំណុលនោះភាគច្រើនបំផុតសម្រាប់សាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានដូចជាផ្លូវ និងស្ពាន។ មកដល់ឆ្នាំ២០១៩នេះ កម្ពុជាបានទទួលប្រាក់កម្ចីសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានពីចិនប្រមាណ ២,៨៦៥លានដុល្លារអាមេរិក។ ទឹកប្រាក់នេះបានចំណាយលើការសាងសង់ផ្លូវរួចរាល់ចំនួន ២៩ខ្សែស្មើនឹង ២,៨៨៨គីឡូម៉ែត្រ និងបានសាងសង់ស្ពាន ៨ខ្សែ មានប្រវែង ៨គីឡូម៉ែត្រ។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងនិយាយកម្ចីជារួមតែម្ដង កម្ពុជាមិនទាន់វ័ណ្ឌកនិងប្រាក់កម្ចីនោះទេ ខ្ញុំបានលើកឡើងហើយថាប្រាក់កម្ចីប្រៀបធៀបនិងផលិតផលសរុបក្នុងស្រុកយើងតែ២១ភាគរយទេ ទាបជាងប្រទេសក្នុងតំបន់អាស៊ានទាំងអស់»។ អីចឹងយើងនៅមានលទ្ធភាពខ្ចីថែមទៀត មកកសាងប្រទេសជាតិមាតុភូមិរបស់យើង ហើយចិនគេមិនដែលបង្ខំយើងថា កម្ពុជាត្រូវតែខ្ចីលុយគេនោះដែរ។ គេមិនដែលបង្ខំយើងទេ មានតែយើងទេស្នើសុំទៅគេ ឲ្យគេផ្ដល់ប្រាក់កម្ចីមកយើង»

លោកទេសរដ្ឋមន្ត្រី បន្តថា «ដូច្នេះគ្មានអីត្រូវនិយាយថាគេយកនេះប្រាក់កម្ចីជាអន្ទាក់ដាក់យើងឲ្យវ័ណ្ឌកទៅថ្ងៃក្រោយពេលយើងសងគេមិនបាន គេមកគ្រប់គ្រងយើងជាក្លាយជាអនានិគមន៍គឺអត់មានបែបនេះទេ។ ដោយសារយើងគ្រប់គ្រងបំណុលយើងបានល្អណាស់។ ដូច្នេះមិនថាយើងមានបញ្ហានិងការសងគេវិញទេ។ បើយកប្រាក់កម្ចីនេះមកចាយវាយខ្ជះខ្ជាយ កញ្ជើធ្លុះ អាហ្នឹងមានបញ្ហា ហើយបើខ្ចីគេហើយចាយអស់សេដ្ឋកិច្ចអត់មានការរីកចម្រើន រកប្រាក់យកមកសងគេមិនបានទេ តែបើខ្ចី១០០ចំណេញ១០០០ហេតុអ្វីបានយើងមិនខ្ចីដើម្បីប្រទេសជាតិយើងមានការរីកចម្រើន។ ដោយសារមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អហ្នឹងហើយដែលបានធ្វើឲ្យសេដ្ឋកិច្ចខ្មែរមានការរីកចម្រើន៧ភាគរយក្នុងមួយឆ្នាំ»។

លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ដែរថា តាមរយៈកម្ចីទាំងអស់នោះ បានជួយជំរុញឱ្យសេដ្ឋកិច្ចរបស់កម្ពុជា បានប្រសើរផងដែរ៕