(ព្រះសីហនុ)៖ កំណាត់ផ្លូវជាតិលេខ៤ នៅចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ115-116 ក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ អាជ្ញាធរបិទចរាចរណ៍ជាបណ្ដោះអាសន្ន សម្រាប់រថយន្ដធុនធំ ព្រោះតែទឹកជន់ឡើងខ្លាំងបណ្ដាលឲ្យលិចផ្លូវ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា គិតត្រឹមម៉ោង០៥៖៣០នាទីល្ងាច ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្ពស់ទឹកនៅចំណុចស្ពានសំរោង ឡើងដល់កម្រិតប្រកាសអាសន្នហើយ ពោលកម្ពស់៥.៨០ម៉ែត្រ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ការបិទចរាចរណ៍ជាបណ្ដោះអាសន្ននេះ សម្រាប់តែរថយន្ដធុនធំប៉ុណ្ណោះ ខណៈរថយន្ដធុនតូចលក្ខណៈគ្រួសារ ឬរថយន្ដដឹកអ្នកដំណើរ អាចធ្វើចរាចរណ៍បានដោយធម្មតា។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ បណ្តាខេត្តនៅតំបន់ឆ្នេរ ពិសេសខេត្តព្រះសីហនុ និងខេត្តកោះកុង នឹងបន្តមានភ្លៀងធ្លាក់ ក្នុងបរិមាណពីបង្គួរទៅច្រើន។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការពិនិត្យតាមដាន និងជាប្រចាំលើស្ថានភាពអាកាសធាតុ ក្រសួងសូមជម្រាបជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាបថា បច្ចុប្បន្នកម្ពុជាបាននិងកំពុងទទួលរងឥទ្ធិពល ពីបាតុភូតធម្មជាតិចំនួន៣ ព្រមៗគ្នា ក្នុងនោះមាន៖ ឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដែលបាននិងកំពុងលាតសន្ធឹង អូសកាត់លើប្រទេសថៃ ឡាវ និងប្រទេសវៀតណាម, ឥទ្ធិពលពីព្យុះទី១៤ ឈ្មោះ កាហ្សីគី (KAJIKI) និងឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង៕