(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ស៊ីទី ហាសម៉ាប៊ីនទិ ម៉ូដ អាលី ភរិយានាយករដ្ឋមន្ដ្រីម៉ាឡេស៊ី លោក មហាធា មហាម៉ាត់ (Mahathir Mohamad) បានថ្លែងការកោតសរសើរ និងស្ងប់ស្ងែងនូវសមិទ្ធិផលរបស់កាកបាទក្រហមកម្ពុជា ដែលខិតខំធ្វើ និងប្រតិបត្ដិការសកម្មភាពមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុតស្ទើរគ្រប់ទីកន្លែង និងទាន់ពេលវលា ជាពិសេសក្រោមសុខសន្ដិភាព បានធ្វើឱ្យកម្ពុជាមួយនេះ មានការអភិវឌ្ឍដ៏ខ្លាំងក្លា។

ការថ្លែងបែបនេះ របស់លោកស្រី ស៊ីទី ហាសម៉ាប៊ីនទិ ម៉ូដ អាលី ក្នុងឱកាសនោះ លោកស្រីបណ្ឌិត ស៊ីទី ហាសម៉ាប៊ីនទិ ម៉ូដ អាលី ចូលជួបសម្ដែងការគួរសម ជាមួយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ នៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

លោកស្រីបណ្ឌិត ស៊ីទី ហាសម៉ាប៊ីនទិ ម៉ូដ អាលី បានថ្លែងកោតសរសើរ ចំពោះប្រវត្តិនៃការកកើតសមាគមជាតិ កាកបាទក្រហមកម្ពុជា ចាប់តាំងពីឆ្នាំ១៩៥៥ រហូតដល់បច្ចុប្បន្ននេះ ដែលទទួលបានសមិទ្ធផលជាច្រើន ក្នុងបុព្វហេតុមនុស្សធម៌ ជាពិសេសសកម្មភាពជាទីមោទនៈរបស់កាកបាទក្រហមកម្ពុជា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាប់តាំងពីឆ្នាំ១៩៩៨រៀងមក។

លើសពីនោះ លោកស្រីបណ្ឌិត បានថ្លែងនូវការកោតសរសើរ និងអបអរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ជាពិសេសការរក្សាបាននូវសន្តិភាព ស្ថិរភាព សាមគ្គីភាព និងឯករាជ្យភាព នៅក្នុងប្រទេស។

លោកស្រីបណ្ឌិត ស៊ីទី ហាសម៉ាប៊ីនទិ ម៉ូដ អាលី ក៏បានថ្លែងបញ្ជាក់ថា នៅក្នុងអាណត្ដិថ្មីរបស់នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី លោក មហាធា មហាម៉ាត់ បានផ្ដួចផ្ដើមនូវមូលនិធិសន្ដិភាពពិភពលោក ក្នុងគោលបំណងដើម្បីធ្វើការរួមរួបឯករាជ្យជាតិ សាមគ្គីភាពតែមួយ ដែលលោកជឿជាក់ថា នេះគឺជាការផ្ដួចផ្ដើមមួយដ៏ល្អ ក្នុងការបញ្ជៀបនូវខ្លឹមសារសន្ដិភាពដល់សិស្ស ដើម្បីរក្សាបាននូវឯករាជ្យភាព និងសាមគ្គីភាព ដើម្បីបាននូវសន្ដិភាពនៅក្នុងប្រទេស។ សង្គ្រាម គឺជាបទឧក្រិដ្ឋពិភពលោក បញ្ហាទាំងអស់ អាចដោះស្រាយដោយសន្ដិភាព តាមរយៈការចរចារ តាមរយៈតុលាការផងដែរ ដើម្បីធ្វើយ៉ាងណា ដើម្បីចៀសវាងពីសង្គ្រាមកើតឡើង។ ជាងនេះទៅទៀត ប្រទេសមួយសន្ដិភាព គឺជាប្រទេសមួយដែលឈរលើគោលការណ៍ ក៏ដូចជាគោលនយោបាយ កុំឱ្យមានការលូកដៃពីប្រទេសមហាអំណាចនានា ដែលក្នុងនាមជាតិនៃប្រទេសតែមួយ។

លោកស្រីបណ្ឌិត ស៊ីទី ហាសម៉ាប៊ីនទិ ម៉ូដ អាលី បានសម្ដែងការសប្បាយពេញចិត្ដ និងថ្លែងអំណរគុណដល់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានទទួលនូវបដិសណ្ឋាកិច្ចយ៉ាងកក់ក្ដៅ ចំពោះដំណើរទេស្សនកិច្ចកិច្ចផ្លូវការ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ទន្ទឹមនឹងនោះ លោកស្រីបានលើកសរសើរពីសមិទ្ធផល និងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយជួយសម្រាលទុក្ខលំបាក របស់បងប្អូនប្រជាជន ដោយគ្មានរើសអើង ឬប្រកាន់និន្នាការនយោបាយ សាសនា ពូជសាសន៍អ្វីឡើយ គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង យ៉ាងមានប្រសិទ្ធិភាពខ្ពស់ ក្រោមការដឹកនាំប្រកបដោយកិត្ដិព្រឹទ្ធបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ជាការឆ្លើយតប សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណនូវការកោតសរសើរ ពីសំណាក់ភរិយានាយករដ្ឋមន្ដ្រី ម៉ាឡេស៊ី និងបានបង្ហាញពីរចនាសម្ព័ន្ធរបស់កាកបាទក្រហមកម្ពុជា ចាប់តាំងពីថ្នាក់កណ្តាល រហូតដល់សាខាទាំង២៥រាជធានីខេត្ត ដែលមានបណ្តាញអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាជិត ៦ម៉ឺននាក់ បាននិងកំពុងបំពេញបេសកកម្មមនុស្សធម៌ ទៅតាមវិស័យស្នូលទាំង៤ និងស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងបន្ដថា កាកបាទក្រហមកម្ពុជា មានយុវជន អ្នកស្ម័គ្រចិត្ដ ក៏ដូចជាអ្នកស្ម័គ្រចិត្ដនៅតាមសាលារៀនផងដែរ ជាពិសេសយើង តែងតែពង្រឹង និងពង្រីកនូវសមត្ថភាពរបស់យុវជនទាំងអស់ ក្នុងការចូលរួមផ្សព្វផ្សាយនូវសកម្មភាព ដែលដើរតួជាយុវជនគំរូ ដល់សិក្សានុសិស្ស និងមិត្ដភក្ដិ។ ពួកគេតែងតែចូលរួម ក្នុងការចុះជួយចែកអំណោយ ការជួយផ្ដល់ដំណឹងពីគ្រោះមហន្ដរាយនានា មកដល់សហគមន៍របស់ខ្លួន ក្រៅពីនោះ យុវជន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយនូវផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន សារអប់រំសុខភាពផ្សេងៗផងដែរ។

ទន្ទឹមនឹងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានគូសបញ្ជាក់ពីភាពជោគជ័យ របស់កាកបាទក្រហមកម្ពុជា ក្នុងការប្រារព្ធទិវា ៨ ឧសភា ជារៀងរាល់ឆ្នាំ ដោយមានការចូលរួមគាំទ្រ និងបរិច្ចាគធនធាន ពីសំណាក់សប្បុរសជនជាតិ-អន្តរជាតិ ទើបផ្តល់លទ្ធភាពដល់កាកបាទក្រហមកម្ពុជា អាចបំពេញបេសកកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកឡើងអំពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ក្នុងនាមសមាគមជាតិជាបងប្អូនរវាងកាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហមម៉ាឡេស៊ី ដែលក្នុងនោះមានការបញ្ជូនអ្នកស្ម័គ្រចិត្តអឌ្ឍចន្ទក្រហមម៉ាឡេស៊ី ចំនួន៤០នាក់ មកទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ ជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបផងដែរ។

ក្នុងជំនួបនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកស្រី បណ្ឌិត ស៊ីទី ហាសម៉ាប៊ីនទិ ម៉ូដ អាលី ភរិយានាយករដ្ឋមន្ដ្រីម៉ាឡេស៊ី បានប្រគល់ជូនវត្ថុអនុស្សាវរីយ៍ផងដែរ ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានជូនដំណើរគណៈប្រតិភូ ទស្សនាសាលពិព័រណ៍កាកបាទក្រហមកម្ពុជា ចុះហត្ថលេខាលើក្រាំងមាសកាកបាទក្រហមកម្ពុជា និងថតរូបអនុស្សាវរីយ៍ ប្រកបដោយបរិយាកាសស្និទ្ធស្នាលរីករាយជាទីបំផុត។

សូមជម្រាបថា លោក មហាធា មហាម៉ាត់ និងភរិយា បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេ នៅលើពិភពលោករូបនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕