(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងភរិយា បានអញ្ជើញចូលរួមពិធីជប់លៀងផ្លូវការ ដែលរៀបចំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅវិមានសន្តិភាព។

អំឡុងបំពេញទស្សនកិច្ចនៅថ្ងៃនេះ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ដោយបានអញ្ជើញជាអធិបតីភាពរួមគ្នាក្នុងការចុះហត្ថលេខាលើឯកសារចំនួន២ ព្រមទាំងជួបសម្តែងការគួសមជាមួយ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីផងដែរ។

លោក មហាធា មហាម៉ាត់ និងភរិយា បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេ នៅលើពិភពលោករូបនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។