(បាត់ដំបង)៖ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ចុះពិនិត្យមើលនៅទីតាំងសង្ស័យ មានការកែច្នៃរបស់ក្រុមឈ្មួញរកស៊ីទន្ទ្រានយកព្រៃឈើ និងទីតាំងដែលកម្លាំងបានស្រាវជ្រាវរកឃើញឡានប៉ាកុង នៅក្នុងភូមិកញ្ជាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។

ប្រតិបត្តិការនេះ អនុវត្តតាមយ៉ាងម៉ឺងមាត់តាមអនុសាសន៍របស់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង។

មន្ដ្រីអាវុធហត្ថបានឲ្យដឹងថា ក្នុងរយៈពេល០២ថ្ងៃកន្លងមកនេះ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានល្បាត និងស្រាវជ្រាវរកឃើញឡានប៉ាកុង ដែលពួករកស៊ីដឹកឈើខុសច្បាប់ យកមកលាក់បង្កប់ទុកក្នុងព្រៃ ជាប់ព្រំប្រទល់នឹងខេត្តពោធិ៍សាត់ ស្ថិតក្នុងស្រុកសំឡូត បានចំនួន១០គ្រឿង រងចាំការកម្ទេច និងដុតបំផ្លាញចោល។

សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបខាងលើនេះ កម្លាំងជំនាញរកឃើញតែរថយន្តដឹកប៉ុណ្ណោះ ដោយមិនបានរកឃើញឈើច្រើន ដែលជនល្មើសលាក់ទុក នៅក្នុងព្រៃនោះឡើយ ការប្រទះឃើញរថយន្តបាកុង ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា រហូតដល់វេលាម៉ោង១១៖៣៥នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ។

វិធានការបង្ក្រាបដ៏ម៉ឺងមាត់ដំណាក់កាលថ្មីនេះ អនុវត្តស្របទៅតាមអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សំដៅទប់ស្កាត់បទល្មើសព្រៃឈើ ដែលបំផ្លាញដល់ធនធានធម្មជាតិ និងជម្រកសត្វគ្រប់ប្រភេទ ហើយស្រាវជ្រាវរកមុខ សញ្ញាបទល្មើស ដើម្បីកសាងសំណុំរឿង ផ្តន្ទាទោសតាមនីតិវិធី៕