(ព្រៃវែង)៖ លោក ឈន សារ៉ាណេ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះ ជួយស្រុកពារាំង ខេត្តព្រៃវែង បានថ្លែងថា ក្នុងភាពជាអ្នកដឹកនាំ ត្រូវមានសុច្ចរិតភាព សណ្តោសប្រណី ផ្តល់ឱកាស ពោលមិនត្រូវសម្លាប់កូនចៅ ដោយចុងប៊ិចរបស់ខ្លួននោះទេ។

លោក ឈន សារ៉ាណេ បានថ្លែងបែបនេះ នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីសំណេះសំណាល ជាមួយកងកម្លាំងអធិការស្រុក កងរាជអាវុធហត្ថស្រុក សឹករងស្រុក លោកគ្រូ អ្នកគ្រូពេទ្យ មន្ទីរពេទ្យបង្អែកស្រុក និងមន្រ្តីសាលាស្រុកពារាំង សរុបប្រមាណជា ២០០នាក់។

ក្នុងឱកាសនោះដែរ លោក ឈន សារ៉ាណេ បានពាំនាំនូវការសួរសុខទុក្ខ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រៃវែង និងលោក វង្ស ពិសេន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពារាំង ដែលបានផ្តាំផ្ញើដល់កងកម្លាំង ឲ្យចូលរួមទប់ស្កាត់បទល្មើសនានា ជួយជំរុញផ្តល់សេវាសាធារណៈផ្សេងៗ ជាពិសេសអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដើម្បីធានាសន្តិសុខសង្គម ជូនប្រជាពលរដ្ឋ។

លោក ឈន សារ៉ាណេ បានផ្តាំផ្ញើបន្ថែមទៀតថា ជាអ្នកដឹកនាំត្រូវបើកចិត្តឲ្យទូលាយ បង្កលក្ខណៈឲ្យមន្ត្រីជុំវិញខ្លួន គ្រប់ស្រទាប់ចូលរួមចំណែកអនុវត្តការងាររួមគ្នា មិនត្រូវគិតថាមានតែអញជាមេទេ ដែលគិតត្រូវនោះ មិនតែប៉ុណ្ណោះទៀតសោត ភាពជាអ្នកដឹកនាំត្រូវមានសុច្ចរិតភាព សណ្តោសប្រណីមេត្តា ផ្តល់ឱកាស គឺមិនសម្លាប់កូនចៅរបស់ខ្លួន ដោយចុងប៊ិចរបស់ខ្លួននោះទេ (កូនចៅដែលគ្មានកំហុស)។

ជាពិសេសទៅទៀតនោះ សូមលោកគ្រូពេទ្យ និងអ្នកគ្រូពេទ្យទាំងអស់ ខិតខំយកចិត្តទុកដាក់ថែទាំអ្នកជំងឺ នឹងត្រូវចេះបែងចែកអារម្មណ៍ខ្លួនឯង ឲ្យបានដាច់ស្រលះ (បើខឹងក្រុមគ្រួសារនៅឯផ្ទះ មិនត្រូវយកកំហឹងនោះមកប្រើជាមួយអ្នកជំងឺនោះទេ ត្រូវប្រើពាក្យសម្តីល្អៗ កាយវិការល្អៗ)។

សូមបញ្ជាក់ថា លោក ឈន សារ៉ាណេ បានបានពាំនាំនូវថវិកា និងសម្ភាររបស់សម្តេចក្រឡាហោម ស ខេង មានដូចជា ឯកសណ្ឋានឈុតប្រយុទ្ធ ជូនដល់កម្លាំងទាំងបី សរុប១៥០កំប្លេ ថវិកាសម្រាប់ចាក់សាបមន្ទីរពេទ្យបង្អែក ៣០០០ដុល្លារអាមេរិក ឧបត្ថសម្ភារការិយាល័យសាលាស្រុក ១២០០ដុល្លារអាមេរិក ឧបត្ថម្ភការជីកអណ្តូងខ្នាតធំចំនួន ៤កន្លែង ឧបភោគ បរិភោគមួយចំនួនធំ និងឧបត្ថម្ភការហូបបាយសាមគ្គី ចំនួន៤លានរៀលផងដែរ៕