(ភ្នំពេញ)៖ លោក ច្រឹក សុខនីម ប្រធានសមាគមនអចលនវត្ថុកម្ពុជា (CVEA) បានដឹកនាំសមាជិកសមាគម ទៅចូលរួមកិច្ចប្រជុំអចលនវត្ថុ International Real Estate Conference (IREC) ដ៏ធំមួយនៅប្រទេសជប៉ុន និងបានប្ដេជ្ញាចិត្តចូលរួមផ្សព្វផ្សាយពី ប្រទេសកម្ពុជា និងគៀងគរអ្នកវិនិយោគចូលមកវិនិយោគនៅកម្ពុជា។

លោក ច្រឹក សុខនីម បានឲ្យដឹងថា ការចូលរួមកិច្ចប្រជុំ IREC សមាគមនឹងគៀងគរអ្នកវិនិយោគបរទេស ឲ្យមកស្គាល់ប្រទេសកម្ពុជា និងចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឲ្យបានច្រើន។ លោកបានបន្ដថា កម្ពុជាក៏បានត្រៀមខ្លួនបាន៧០-៨០% ក្នុងការទទួលស្វាគមន៍ អ្នកវិនិយោគិនមកពីបណ្ដាប្រទេសផ្សេងៗ ដែលមានបំណងមកវិនិយោគ លើវិស័យអចលនទ្រព្យរួមមាន វិស័យដីធ្លី, វិស័យខុនដូ និងវិស័យផ្សេងៗជាច្រើនទៀត។

ប្រធានសមាគមបន្ថែមថា IREC ជាព្រឹត្តិការណ៍ផ្សព្វផ្សាយ និងផ្លាស់ប្ដូរចំណេះដឹងផ្នែកអចលនទ្រព្យ រវាងអ្នកជំនួញវិស័យអចលនទ្រព្យ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន និងអនាគត នៃទីផ្សារអចលនទ្រព្យ តាមប្រទេសនីមួយៗ។ IREC ជាផ្នែកមួយរបស់សមាគម អចលនទ្រព្យពិភពលោក National Association of Realtors ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ផ្ដោតសំខាន់ ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យទៅនឹងបណ្តាប្រទេសនៃតំបន់អាស៊ាន។

លោកបន្ថែមថា ក្នុងកិច្ចប្រជុំនេះក្នុងនាមសមាគម នឹងធ្វើបទបង្ហាញពីចំណុចៗសំខាន់ៗរួមមាន៖ ផ្សព្វផ្សាយពីប្រទេសកម្ពុជា ដោយនឹងលើកឡើងថា ហេតុអ្វីអ្នកទាំងអស់គ្នាត្រូវមក វិនិយោគនៅកម្ពុជា, សិក្សាស្វែងយល់ពីបទពិសោធន៍ ព្រមទាំងភាពរីកចម្រើននៃប្រទេសនីមួយៗថែមទៀតផង។

លោកបានបន្ថែមថា សមាគមក៏បានត្រៀមរួចជាស្រេច នូវប្រធានបទសំខាន់ៗ ដើម្បីផ្សព្វផ្សាយអំពីសក្ដានុពលក្នុងប្រទេសកម្ពុជា ដើម្បីកៀងគរអ្នកវិនិយោគបរទេសផងដែរ។

លោកបញ្ជាក់ថា សម្រាប់ដំណើរកិច្ចប្រជុំនេះ សមាជិកសមាគមននឹងសិក្សាស្វែងយល់បន្ថែមពី ភាពរីកចម្រើននៅក្នុងប្រទេសជប៉ុន ដើម្បីយល់ដឹងបន្ថែមថាពួកគាត់អនុវត្តន៍យ៉ាងម៉េច លើវិស័យអចលនទ្រព្យនេះ និងយកមកបន្ដអនុវត្តន៍នៅក្នុងប្រទេសកម្ពុជា៕