(ភ្នំពេញ)៖ លោកបណ្ឌិត មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មានសុទិដ្ឋិយមចំពោះលំហូរវិនិយោគទុនចិន និងបរទេស នៅក្នុងប្រទេសម៉ាឡេស៊ី ដែលនឹងជួយដល់កំណើនសេដ្ឋកិច្ច។ ប៉ុន្តែលោកអះអាងថា ដើម្បីការពារកុំឱ្យមានបញ្ហាដោយលំហូរវិនិយោទុនបរទេសនេះ គឺត្រូវចេះគ្រប់គ្រង់ឱ្យបានល្អ។

ឆ្លើយនឹងសំណួរនិស្សិតខ្មែរ ក្នុងពេលធ្វើបឋកថា ស្តីអំពី «ការរក្សាតុល្យភាពទំនាក់ទំនងជាមួយមហាអំណាចក្នុងបរិបទអាស៊ាន» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ លោក មហាធា មហាម៉ាត់ បានលើកឡើងថា លំហូរវិនិយោគបរទេសចិន លំហូរវិនិយោគទុនបរទេស នាំទាំងលុយ ការងារជំនាញ និងរបៀបរបបដឹកនាំវិស័យឯកជន។ ទាំងអស់នេះ នឹងជួយបង្កើនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន និងកាត់បន្ថយការពឹងផ្អែកទៅលើដៃគូពាណិជ្ជកម្ម។

លោកបានបញ្ជាក់ថា បញ្ហាលំហូរវិនិយោគបរទេស គឺមានលក្ខណៈល្អ លុះត្រាតែយើងចេះគ្រប់គ្រងវា។ នៅម៉ាឡេស៊ី មិនពឹងផ្អែកតែលំហូរចិនតែមួយនោះទេ គឺជំរុញឱ្យមានលំហូរវិនិយោគ ពីប្រទេសផ្សេងៗទៀត។

សូមជម្រាបថា លោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណ៩៖៤០នាទីព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេ នៅលើពិភពលោករូបនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អំឡុងបំពេញទស្សនកិច្ចនេះ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៉ី នឹងអញ្ជើញជួបពិភាក្សាទ្វេភាគី ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩។ បន្ទាប់ពីនោះ លោកចូលជួបសម្តែងការគួរសមជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជួបសម្តែងការគួរសមជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ។

លោក មហាធៀរ ដែលមានវ័យ៩២ឆ្នាំ គឺជានាយករដ្ឋមន្ត្រីវ័យចំណាស់ជាងគេ នៅសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ បានឈ្នះក្នុងការបោះឆ្នោត កាលពីពាក់កណ្តាលឆ្នាំ២០១៨ លើគណបក្សរបស់អតីតនាយករដ្ឋមន្ត្រី Najib Razak។ លោកបានកាន់តួនាទី ជានាយករដ្ឋមន្ត្រីម៉ាឡេស៉ី ចំនួនពីរលើក គឺលើកទី១ ពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣ ចំណែកឯលើកទី២នេះ ចាប់ពីខែឧសភា ឆ្នាំ២០១៨ រហូតដល់ពេលបច្ចុប្បន្ន៕