(ភ្នំពេញ)៖ លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំនៅប្រទេសកម្ពុជា បានបង្ហាញការសប្បាយរីករាយ នៅពេលលោកបានមកបំពេញការងារកាទូតនៅកម្ពុជា ដែលជាមិត្តជិតស្និទ្ធរបស់ប្រទេសជប៉ុន និងជាប្រទេសមានវប្បធម៌ដ៏អស្ចារ្យ។

តាមរយៈ Facebook របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកអគ្គរាជទូតជប៉ុនថ្មី បានបញ្ជាក់ថា លោកបានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ។

លោកឯកអគ្គរាជទូត បានបញ្ជាក់លើទំព័រ Facebook ស្ថានទូតជប៉ុននៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះថា «ខ្ញុំឈ្មោះ មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ ខ្ញុំទើបតែមកដល់ប្រទេសកម្ពុជាកាលពីម្សិលមិញ។ ខ្ញុំមានកិត្តិយស និងសប្បាយរីករាយយ៉ាងក្រៃលែង បានមកកាន់ប្រទេសកម្ពុជាដែលជាមិត្តជិតស្និទ្ធរបស់ប្រទេសជប៉ុន និងជាប្រទេសដែលមានវប្បធម៌ដ៏អស្ចារ្យ។ ខ្ញុំទន្ទឹងរង់ចាំជួបជាមួយលោក លោកស្រី ក្មួយៗ និងទស្សនាទីកន្លែងនានានៅប្រទេសកម្ពុជា»។

សូមបញ្ជាក់ថា លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ត្រូវបានតែងតាំង ជាឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំប្រទេសកម្ពុជា បន្តពីលោក ហ៉ីដេហ៉ីសា ហូរីណូអ៊ុជិ ដែលចប់អាណត្តិ៕