(ពោធិ៍សាត់)៖ កាលពីពេលថ្មីៗនេះ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ បានរៀបចំបុណ្យផ្កាសាមគ្គី ដែលផ្តួចផ្តើមឡើងដោយលោកស្រីហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត, លោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភាមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិសមាគមនារីថ្នាក់កណ្តាល ដើម្បីប្រមូលបច្ច័យសាងសង់អគារសិក្សា សាលាបឋមសិក្សាអំពួច ដែលមានសភាពចាស់ទ្រុឌទ្រោមខ្លាំង បង្កការលំបាកក្នុងការរៀន និងបង្រៀន ពិសេសពេលផ្លៀងផ្គរម្តងៗ។

ពិធីបុណ្យផ្កាសាមគ្គីនេះ បានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែន ពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពីលោកស្រី ហ៊ុន ប៊ុនធឿន ទីប្រឹក្សាអមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនិងជាអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យក្រៅប្រទេស, លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធានាគារជាតិ នៃកម្ពុជា, លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំង លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុ ធមានសទ្ធាជ្រះថ្លា ចូលរួមចាប់មគ្គផល ទទួលយលនូវអានិសង្ស នមស្សកាព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃខម្រើនព្រះបរឹត្តទៅតាមគន្លងព្រះពុទ្ធសាសនា។

សូមបញ្ជាក់ថា សាលាបឋមសិក្សាអំពួច ស្ថិតក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ គឺជាសាលាមួយស្ថិតនៅជនបទ ហើយអគាសិក្សាមានសភាពទ្រុឌទ្រោមខ្លាំង បង្កការលំបាកក្នុងការរៀន និងបង្រៀន ពិសេសពេលផ្លៀងផ្គរម្តងៗ។

នាពេលថ្មីៗនេះលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស លោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភា និងជាសមាជិកាប្រតិបត្តិ សមាគមនារីថ្នាក់កណ្តាល រួមជាមួយសមាជិកាកិត្តិយស គណៈកម្មការសាខា អនុសាខា និងប្រធានបណ្តាញសមាកមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានដឹកនាំប្រតិភូនាំយកទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាវត្តអំពួចនោះ ក៏បានអញ្ជើញទៅពិនិត្យដោយផ្ទាល់ ហើយក្នុងខណៈនោះទាំងអាជ្ញាធរ និងលោកគ្រូ អ្នកគ្រូ បានសំណូមពរដល់លោកជំទាវ និងប្រតិភូឲ្យជួយកសាងអគាសិក្សាមួយខ្នង ស្មើនឹង៦បន្ទប់ ដែលគ្រោងចំណាយថវិកាជាង៥៧,០០០ដុល្លាអាមេរិក ដើម្បីឲ្យក្មួយៗមាន កន្លែងរៀននិងបង្រៀនល្អ។

ដូច្នេះដើម្បីគៀងគរប្រមូលថវិកា សម្រាប់យកមក កសាងសង់អគាសិក្សានេះឡើងសាខាសមាគមនារីខេត្ត ក៏បានរៀបចំផ្តួចផ្តើមប្រារព្ធពិធីបុណ្យផ្កាសាមគ្គីឡើង ដោយទទួលបានថវិកាជាង៦០លានរៀល និង៤០,៦២០ដុល្លារអាមេរិក គិតជាទឹកប្រាស់សរុប ៥៥,២៨៥ដុល្លារអាមេរិក។ ហើយសង្ឃឹមថាមិនយូទេ សាលាបឋមសិក្សាអំពួច ពិតជាលេចចេញរូបរាងឡើង នូវអគាសិក្សាថ្មីស្រឡាងនាពេលខាងមុខនេះជាក់ជាមិនខាន ដែលជាក្តីសង្ឃឹមរបស់ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៅក្នុងតំបន់នោះ៕