(បាត់ដំបង)៖ រថយន្ដប៉ាកុងចំនួន ១០គ្រឿង ដែលជាមធ្យោបាយដឹកជញ្ជូនឈើខុសច្បាប់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ដុតបំផ្លាញចោល រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ។

មន្ដ្រីអាវុធហត្ថបានឲ្យដឹងថា រយៈពេលពីរនេះ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានរុករកឡានប៉ាកុងដែលពួករកស៊ីដឹកឈើខុសច្បាប់ យកមកលាក់ក្នុងព្រៃជាប់ព្រំប្រទល់ខេត្តពោធិ៍សាត់ ស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង គិតត្រឹមម៉ោង១១៖៣៥នាទីព្រឹកថ្ងៃទី០២ ខែកញ្ញានេះ កម្លាំងបានរកឃើញឡានប៉ាកុង សរុបចំនួន១០គ្រឿង ហើយត្រូវបានដុតបំផ្លាញចោលតែម្ដង។

សូមបញ្ជាក់ថា ប៉ុន្មានខែចុងក្រោយនេះ កម្លាំងគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ចេញប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបនៅតាមខេត្តជាប់ព្រំដែន រួមមាន៖ ខេត្តមណ្ឌលគីរី ខេត្តរតនគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែងជាដើម រហូតមានការចាប់ខ្លួនមនុស្ស, មានដីកាកំពុងតាមចាប់អ្នកពាក់ព័ន្ធ និងរឹបអូសរថយន្តជាច្រើនគ្រឿង រហូតដុតបំផ្លាញចោលទៀតផង៕