(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធា មហាម៉ាត់ បានលើកឡើងថា កម្ពុជាជាប្រទេសមួយដែលមានវប្បធម៌ និងអរិយធម៌ចំណាស់ជាងសហរដ្ឋអាមេរិក ដូច្នេះត្រូវជ្រើសរើសយកដំណើរការដឹកនាំរបស់ប្រទេសទៅតាមកាលៈទេសៈឱ្យស្របតាមវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួន មិនមែនត្រូវដើរតាមបែបបទប្រជាធិបតេយ្យបង្គាប់បញ្ជា ឬការចង់បានណាមួយរបស់អាមេរិកនោះឡើយ។

ការលើកឡើងរបស់លោក មហាធា ឆ្លើយតបទៅនឹងសំណួររបស់និស្សិតកម្ពុជាក្នុងពេលធ្វើបឋកថាស្តីពី «ការរក្សាតុល្យការនៃទំនាក់ទំនងជាមួយមហាអំណាចក្នុងបរិបទអាស៊ាន» ដែលរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ។ និស្សិតមួយរូបបានចោទសួរទៅ មហាធា ក្នុងបរិបទប្រទេសកម្ពុជាតើត្រូវតែដើរលំអានប្រជាធិបតេយ្យរបស់អាមេរិកឬយ៉ាងណា?

ឆ្លើយតបសំណួរនេះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានគូសបញ្ជាក់ថា ប្រទេសនីមួយៗមានវប្បធម៌ អរិយធម៌ មានគុណតម្លៃ មានទំនៀបទម្លាប់ និងការគិតផ្សេងៗគ្នា។ លោកបានបន្តថា កម្ពុជាជាប្រទេសដែលមានវប្បធម៌ អរិយធម៌ចំណាស់ច្រើនបើធៀបជាមួយសហរដ្ឋអាមេរិក។

ក្នុងន័យនេះលោក មហាធា មហាម៉ាត់ លើកទឹកចិត្តឱ្យកម្ពុជាដើរទៅតាមអ្វីដែលខ្លួនមានដោយប្រែប្រួលទៅតាមកាលៈទេសៈ ដោយមិនត្រូវផ្តេកផ្តួលថាត្រូវតែអនុវត្តន៍តាមបែបបទលទ្ធិ ប្រជាធិបតេយ្យតាមបែបអាមេរិក ឬការចង់បានរបស់អាមេរិកនោះឡើយ។

ក្នុងបឋកថានោះ លោក មហាធា ក៏បានក្រើនរំលឹកដល់និស្សិតកម្ពុជាឱ្យខិតខំសិក្សាស្វែងយល់ថា តើមានអ្វីកំពុងកើតឡើង ហើយត្រូវចៀសវាងនូវអ្វីដែលអាក្រក់នាំឱ្យអន្តរាយដល់ខ្លួនដូចជា គ្រឿងញៀនជាដើម។ លោកនាយករដ្ឋមន្ត្រី ក៏បានផ្តាំយុវជនដែលអាចក្លាយទៅជាមេដឹកនាំនោះ ត្រូវចៀសឱ្យបានការយកអាវុធ និងសង្គ្រាមមកដោះស្រាយដោះស្រាយបញ្ហា ពោលត្រូវប្រើការទូត និងការជជែកគ្នា ដើម្បីដោះស្រាយបញ្ហាទាំងឡាយ៕