(ព្រះវិហារ)៖ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ក្រោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំ នៃស្ថាប័នត្រួតពិនិត្យគ្រឿងញៀនប្រទេសទាំងពីរ, ប្រតិភូកម្ពុជា-ថៃ បានចុះទស្សនាការអនុវត្តផែនការភូមិឃុំ/សង្កាត់ «ស» គ្មានគ្រឿងញៀន ដែលបាននិងកំពុងដាក់ឲ្យអនុវត្តនៅភូមិចំនួនពីររបស់ខេត្តព្រះវិហារ កម្ពុជា គឺភូមិឈើទាលគង និងភូមិអានសេះ នៃឃុំ ជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ប្រតិភូកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រតិភូថៃដឹកនាំដោយឧត្តមសេនីយ៍ទោ ស៊ូរីយ៉ា ស៊ីងហាកាម៉ូល (Suriya Singhakamol) អគ្គលេខាធិការរងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ។

លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ បានស្វាគមន៍ដល់ប្រតិភូទាំងអស់ និងបញ្ជាក់ថា ខេត្តព្រះវិហារមិនមែនជាខេត្តផលិតគ្រឿងញៀនទេ តែរងគ្រោះពីការប្រើបំពានគ្រឿងញៀន។

ក្នុងឱកាសនោះទាំងលោកមេភូមិឈើទាលគង និងមេភូមិអានសេះ សុទ្ធតែបានលើកឡើងពីវឌ្ឍនភាពនៃការអនុវត្តផែនការភូមិឃុំ/សង្កាត់ «ស» គ្មានគ្រឿងញៀន ដោយបានណែនាំ ទាក់ទាញយុវជនឲ្យខិតខំរៀនសូត្រ លេងកីឡា ជួយធ្វើការឪពុកម្តាយ ប្រកបមុខរបរ សិប្បកម្ម កសិកម្ម ចិញ្ចឹមសត្វ និងចូលរូមការងារសង្គមផ្សេងៗ រាយការណ៍ពីករណីមានអំពើហិង្សា និងការសង្ស័យពីការប្រព្រឹត្តបទល្មើស។

ក្នុងឱកាសនោះ ឧត្ដមសេនីយ៍ឯក នាក់ យុទ្ធា បានលើកពីគោលបំណង នៃការបង្កើតផែនការភូមិឃុំ/សង្កាត់ «ស» គ្មានគ្រឿងញៀនថា ជាយន្តការដោះស្រាយបញ្ហាគ្រឿងញៀននៅថ្នាក់មូលដ្ឋាន ឱ្យមានសមត្ថភាពម្ចាស់ការដោយខ្លនឯង និងធ្វើឲ្យប្រសើរឡើងនូវសន្តិសុខកាត់បន្ថយបាននូវអំពើហិង្សា និងបទល្មើសផ្សេងៗ បង្កើតបាននូវភាពសុខដុមរមនាដល់ប្រជាពលរដ្ឋក្នុងសហគមន៍។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ ស៊ូរីយ៉ា ស៊ីងហាកាម៉ូល បានកោតសរសើរ ហើយបន្តគាំទ្រការអនុវត្តផែនការរបស់ភូមិទាំងពីរ ហើយនឹងផ្តល់ការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព បទពិសោធន៍ និងសុំឲ្យភូមិទាំងពីរបន្តជួបប្រជុំធ្វើការជាមួយគ្នាឲ្យបានញឹកញាប់។

សូមបញ្ជាក់ថា កម្ពុជាក្រោមគំនិតផ្តួចផ្តើមរបស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា បានដាក់ឲ្យអនុវត្តនូវផែនការភូមិឃុំ/សង្កាត់ «ស» គ្មានគ្រឿងញៀននៅភូមិចំនួន៥របស់កម្ពុជារួមមាន ៣ភូមិគឺភូមិឈើទាលគង អានសេះ និងកំពង់ស្រឡៅ១ នៅខេត្តព្រះវិហារ និង២ភូមិ គឺភូមិលើខាំផាន់ នៅខេត្តស្ទឹងត្រែង ហើយនឹងបន្តពង្រីកដល់ភូមិជាច្រើនទៀត ដើម្បីប្រមូលគ្រប់សមាសភាពក្នុងសហគមន៍ចូលរួមទាំងអស់គ្នាបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀន ក្នុងសហគមន៍ក៏ដូចជាបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន។

នៅចុងបញ្ចប់នៃកម្មវិធី មានពិធីប្រគល់ទទួលឯកសារផ្សព្វផ្សាយ សម្ភារកីឡាមានបាល់ទះ សីដក់ និងហូបនូវនំញ្ចុកមិត្តភាពសាមគ្គីភាពតេជោសន្តិភាពយ៉ាងសប្បាយរីករាយស្និទ្ធស្នាល៕