(ក្រចេះ)៖ លោក ស៊ុយ សាន្ដ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូននៅសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រកាសផ្ទេរសម្រួលភារកិច្ច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ។ លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តឧត្ដមានជ័យ ត្រូវបានផ្ទេរភារកិច្ចទៅកាន់ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ ជំនួស លោក ស្រេង ស្រស់ ដែលត្រូវទៅកាន់មុខតំណែងថ្មីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្នុងពិធីនេះ ក៏មានការចូលរួមពីលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះ, ប្រធានក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរជំវិញខេត្តព្រមទាំងកងកម្លាំងទាំងបីប្រភេទ។

លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះ បានផ្ដាំផ្ញើលោក វ៉ា ថន អភិបាលខេត្ត ដល់ប្រធានមន្ទីរ ដែលទើបទទួលមុខតំណែងថ្មីត្រូវ៖

*ទី១៖ ត្រូវពង្រឹងសាម្គីភាពផ្ទៃក្នុង ទាំងជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីររអង្គភាពនានាជុំវិញខេត្ត ក្រុង ស្រុក និងមន្ទីរក្រោមឱវាទ
*ទី២៖ ត្រូវបន្តដឹកនាំមន្ទីររបស់ខ្លួនដោយផ្អែកលើគោលកាណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងគំរូល្អៗរបស់លោកប្រធានមន្ទីរមុនដើម្បីប្រសិទ្ធភាពការងារ
*ទី៣៖ ត្រូវខិតខំយកចិត្តទុកដាក់ ថែរក្សាសមិទ្ធផលក្នុងវិស័យហេដ្ឋរចនាសម្ព័ន្ធ ក៏ដូចជា ការពង្រឹងយន្ដការសាងសង់ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស
*ទី៤៖ ត្រូវបន្តចូលរួមលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន ឲ្យចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ដើម្បីរួមគ្នាបង្កា ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេស គ្រឿងញៀនខុសច្បាប់ ចរាចរណ៍ លួច ល្បែងស៊ីសង។ល។
*ទី៥៖ ត្រូវខិតខំចូលរួមបន្តចែរក្សាការពារសុខសន្តិភាព ស្ថេរភាពនយោបាយ ការពារឯករាជ្យ អធិបតេយ្យជាតិ ត្រូវរួមគ្នាប្រឆាំងដាច់ខាត់រាល់សកម្មភាពដែលប៉ុនប៉ងធ្វើឲ្យកម្ពុជា ធ្លាក់ចូលក្នុងស្ថានភាព ចលាចលសង្គ្រាមវឹកវរក្នុងសង្គមតាមរយះធ្វីបដិវត្តន៍ពណ៍
*ទី៦៖ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដៃគូរអភិវឌ្ឍជាតិ អន្តរជាតិ សហគមន៍ ក៏ដូចជាមន្ទីរ អង្គភាពជុំវិញខេត្ត ពិសេសផ្ដល់សេវាសាធារណៈក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានល្អ
*ទី៧៖ ត្រូវបង្កើនសមត្ថភាព និងទទួលខុសត្រូវរបស់មន្រ្តីក្រោមឱវាទ ឲ្យបំពេញកាងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ត្រូវខិតខំរួមគ្នាដោះស្រាយ សំណើ សំណូមពរ បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ដោយមិនត្រូវរើសអើង ប្រកាន់បក្ខពួកគ្រួសារនិយម និងនិន្នាការនយោបាយនោះឡើយ
*ទី៨៖ ការគ្រប់ក្រងមន្រ្តីរាជការ ចាំបាច់ត្រូវៀនុវត្តតាមច្បាប់ និងនីតិវិធីយ៉ាងម៉ឺងម៉ាត់
*ទី៩៖ ត្រូវលុបបំបាត់វប្បធម៌អន្តរាគមន៍ បក្ខពួក និងគ្រួសារនិយម។

លោក ស៊ុយ សាន្ដ ក៏បានជំរុញឲ្យលោកប្រធានមន្ទីរថ្មី ត្រូវពង្រឹងនូវសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហប្រតិបត្តិការ ជាមួយមន្ទីរនានា ពិសេសអនុវត្តការណែនាំរបស់ថ្នាក់ដឹកនាំខេត្ត សំដៅបន្តអភិវឌ្ឍ ការផ្ដល់សេវាសាធារណៈចាំបាច់ សេវាតម្រូវការគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ដោយជំរុញធ្វើឲ្យបាន ឆាប់រហ័ស និងតម្លាភាព ធានាទប់ស្កាត់ឲ្យបាននូវយានយន្តផ្ទុកលើសទម្ងន់គ្រប់ប្រភេទ ដែលបានធ្វើចរាចរណ៍នៅតាមដងផ្លូវ ឲ្យមានប្រសិទ្ធភាព និងត្រូវបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ ទៅដល់មហាជនជាមួយនឹងការរឹតបន្តឹងនៅច្បាប់ចរាចរណ៍បន្ថែមទៀត។

លោកបានផ្តាំផ្ញើឲ្យខិតខំបន្តអនុវត្ត អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែនដូចខាងក្រោម៖

*ទី១៖ ជាខ្ញុំបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរបស់រាស្រ្ត
*ទី២៖ កុំធ្វើជាមន្ត្រីជើង១០ ត្រូវធ្វើជាមន្ត្រីជើងពីរ
*ទី៣៖ កុំធ្វើជាមន្ត្រីគ្រាប់ល្ពៅប្រភេទទី១
*ទី៤៖ កុំធ្វើជាមន្ត្រីដែលមានជំនឿខ្លួនឯង
*ទី៥៖ កុំចាំការងាររត់រកយើង ត្រូវយើងរត់រកការងារ
*ទី៦៖ កុំប្រកាន់ឥរិយាបថជាន់ធាងកាប់មែក
*ទី៧៖ កុំប្រមាថ កុំបណ្ដោយ កុំបំពាន និងកុំបាត់ម្ចាស់ការ
*ទី៨៖ ដាក់ខ្លួនឲ្យទាប ឬកពាឲ្យសុភាព មាយាទឲ្យខ្ពស់កុំបាត់ម្ចាស់ការ
*ទី៩៖ ប្រកាន់ខ្ជាប់នូវលក្ខណៈសម្បត្តិ ៤យ៉ាង គ្រប់គ្រងសេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្តីភាពដឹងមានម្ចាស់ការ វិជ្ជាជីវៈ
*ទី១០៖ អនុវត្តគោលការណ៍ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់៕