(ព្រៃវែង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងទៅកាន់ក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង ប្រមាណ៥០០នាក់ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះថា ការរៀបចំវេទិការសាធារណៈ ជាមួយសហគមន៍នានានៅមូលដ្ឋាន គឺជាមធ្យោបាយដើម្បីលើកកម្ពស់ទំនាក់ទំនង ផ្សារភ្ជាប់រវាងរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ។

សម្ដេចបានអះអាងទៀតថា នេះក៏ជាឱកាសដែលថ្នាក់ដឹកនាំ និងមន្ត្រីសាធារណៈគ្រប់ថ្នាក់បានចុះជួបប្រាស្រ័យដោយផ្ទាល់ ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីបានឃើញដោយផ្ទាល់នូវជីវភាពរស់នៅរបស់ពលរដ្ឋ បានស្ដាប់ដោយផ្ទាល់នូវទស្សនៈយោបល់របស់ប្រជាពលរដ្ឋ អំពីការដឹកនាំការគ្រប់គ្រងប្រទេសជាតិ និងបានស្ដាប់នូវកង្វល់សំណើរសំណូមពរ ព្រមទាំងបានឃើញដោយផ្ទាល់នូវបញ្ហាប្រឈមនានា នៅមូលដ្ឋាននោះផងដែរ។

ការលើកឡើងបែបនេះគ្រាដែល សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ចុះធ្វើវេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរបស់រដ្ឋបាលខេត្តព្រៃវែង ដែលបានអនុវត្តកន្លងមក។

សម្តេចក្រឡាហោម ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក រដ្ឋបាលឃុំសង្កាត់ ក្នុងការរៀបចំវេទិកាសាធារណៈ ចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីដឹងអំពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងសំណូមពរនានា ដែលគាត់ជួបប្រទះនៅតាមមូលដ្ឋាន។

ក្នុងនោះសម្ដេចក្រឡាហោម ស ខេង ក៏បានដាក់ទិសដៅការងារ ចាប់ពីពេលនេះ រហូតដល់ដំណាច់ឆ្នាំ២០១៩ ដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវប្រមូលផ្ដុំយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗ ដូចខាងក្រោម៖

*ទី១៖ ប្រមូលផ្ដុំរៀបចំផែនការសកម្មភាព របស់ក្រុមការងារឃុំសង្កាត់ ក្រុមការងារក្រុង ស្រុក និងក្រុមការងារខេត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមសំណើ សំណូមពរនានា ដែលប្រមូលបានពីវេទិកាសាធារណៈតាមគោលការណ៍ និងវិធានការដូចបានគូសបញ្ជាក់ខាងលើ ដោយត្រូវធ្វើការតាមដានពិនិត្យ និងធ្វើរបាយការណ៍អំពីវឌ្ឍនភាព និងការដោះស្រាយរៀងរាល់ខែ។

*ទី២៖ បន្តសហការចុះបំពេញការងារតាមមូលដ្ឋាននានា ពិសេសការចុះតាមខ្នងផ្ទះ ដើម្បីជួបប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សម្ដៅស្វែងយល់អំពីក្តីកង្វល់សំណើ សំណូមពរជាក់ស្ដែង តាមគ្រួសារប្រជាពលរដ្ឋ ហើយបញ្ហាប្រឈមសំណើ សំណូមពរណា ដែលក្រុមការងារមានលទ្ធភាព អាចដោះស្រាយបានត្រូវដោះស្រាយជូនប្រជាពលរដ្ឋ។ ចំពោះបញ្ហាទាំងឡាយណាដែលមិនអាចដោះស្រាយបាន ត្រូវធ្វើរបាយការណ៍ជូនក្រុមការងារថ្នាក់លើ ដើម្បីពិនិត្យ និងសហការសម្របសម្រួលដោះស្រាយ។

*ទី៣៖ ត្រូវពង្រឹង និងលើកកម្ពស់សមត្ថភាពរបស់ថ្នាក់ដឹកនាំ មន្ត្រី និងអង្គភាពគ្រោះថ្នាក់ នៅថ្នាក់ក្រោមជាតិ ក្នុងការបំពេញការងារ ពិសេសសមត្ថភាព និងភាពជាម្ចាស់ ក្នុងការផ្ដល់សេវា និងអភិវឌ្ឍន៍នៅមូលដ្ឋានការដោះស្រាយបញ្ហា ការប្រឈមសំណើ សំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីបញ្ចៀសការពឹងផ្អែកទាំងស្រុងមកលើក្រុមការងារ។

សូមបញ្ជាក់ថា បើរបាយការណ៍របស់រដ្ឋបាលខេត្តព្រៃវែង អំពីលទ្ធផលការងារ ដែលក្រុមការងារក្រុង ស្រុក និងឃុំសង្កាត់បាន រៀបចំវេទិកាសាធារណៈ នៅថ្នាក់មូលដ្ឋាន ដើម្បីស្វែងយល់អំពីសុខទុក្ខប្រជាពលរដ្ឋ សរុបចំនួន២១៥លើក ក្នុងនោះបញ្ហាប្រឈមស្រុក ចំនួន៣៦២បញ្ហា ចំពោះបញ្ហាទាំងអស់នេះ រដ្ឋបាលខេត្ត ក៏បានធ្វើការដោះស្រាយជាបន្តបន្ទាប់។ ដោយឡែកនៅបញ្ហាសេសសល់បន្តិចបន្តួចខេត្ត និងរៀបចំឯកសារសុំគោលការណ៍ពីថ្នាក់ជាតិ ដើម្បីធ្វើការដោះស្រាយជាបន្តទៅទៀត៕