(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ច ប្រជុំប្រចាំខែគណៈបញ្ជាការឯកភាព របស់រដ្ឋបាលខេត្ត ដោយមានការចូលរួមពីលោក លោកស្រីប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកចូលរួមផងដែរ។

លោក សុខ លូ បានធ្វើការផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗដែលកំពុងកើតមាន និងបានលើកឡើងពីបញ្ហាប្រឈមនានា ដែលចាំបាច់តម្រូវឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ ថ្នាក់ រួមគ្នាទប់ស្កាត់ និងចាត់វិធានការដោះស្រាយសមស្របឲ្យបានទាន់ពេលវេលា។

លោកក៏បានស្នើឱ្យគណៈអភិបាលក្រុងស្រុកទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយ អប់រំដល់បងប្អូនប្រជាពលរដ្ឋអំពី សភាពការណ៍ថ្មីៗ និងបន្តយកចិត្តទុកដាក់ចុះធ្វើវេទិកាសាធារណៈ តាមភូមិឃុំឱ្យបានទូលំទូលាយ។

សូមបញ្ជាក់ថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្នុងខែនេះ ក៏បានលើកយកបុណ្យជាតិធំៗ ចំនួន៧មកពិភាក្សា ដើម្បីរដ្ឋបាលខេត្តមានពេលវេលាត្រៀមរៀបចំរួមមាន៖

*ទី១៖ ផែនការណែនាំស្ដីពី ការចាត់តាំងរៀបចំទិវាសន្តិភាពអន្តរជាតិលើកទី១៧ ថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០១៩
*ទី២៖ ផ្សព្វផ្សាយផែនការណែនាំស្តីពីការរៀបចំខួបលើកទី២៦ ទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
*ទី៣៖ ផែនការណែនាំស្តីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន
*ទី៤៖ ផែនការណែនាំស្តីពីការចាត់តាំងរៀបចំពិធីគោរពព្រះវិញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវិរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមកោដ្ឋ» គម្រប់ខួប៧ឆ្នាំ
*ទី៥៖ ផែនការណែនាំស្តីពី ការចាត់តាំងរៀបចំព្រះរាជពិធីបុណ្យខួបលើកទី១៥ នៃការគ្រប់គ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
*ទី៦៖ ផែនការណែនាំស្តីពី ការរៀបចំខួបអនុស្សាវរីយ៏លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០១៩
*ទី៧៖ ត្រៀមរៀបចំប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅខេត្តកំពង់ធំឆ្នាំ២០២០៕