(ស្វាយរៀង)៖ ប្រជាកសិកររស់នៅ ឃុំកំពង់ត្រាច និងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង បានលើកឡើងថា ដំណាំដំឡូងមី បានចំណេញសម្រាប់ផ្គត់ផ្គង់ជីវភាព ដោយសារដំឡូងមីមានតម្លៃថ្លៃជាងឆ្នាំមុន តែបើធៀបខេត្តផ្សេងថោកជាងគេបន្តិច។

ប្រជាកសិករ បានបន្តថា ដំឡូងមីដាំរយៈពេល៧ ទៅ៨ខែ ទើបបានដកប្រមូលផល តែឥឡូវវាមិនពិបាករកទីផ្សារលក់ចេញនោះទេ មានឈ្មួញមកចាំទិញដល់ខាងមុខចំការ ខុសឆ្នាំមុនៗ ដើររកអ្នកទិញ ទិញថោក មិនដល់១០០រៀលផង ក្នុងមួយគីឡូក្រាម។

ប្រជាកសិករ បានបន្ថែមថា «ដឹងថាវាប្រឈមទីផ្សារតែបន្តដាំ ដោយដំណាំនេះងាយស្រួលដាំ គ្រាន់តែយើងលើករងរួចដាក់ដាំតែម្ដង ហើយសម្អាតស្មៅ និងបាញ់ថ្នាំការពារវាខ្លះៗ ម្យ៉ាងទៀតបើភ្លៀងខ្លាំងត្រូវភ្ជួររងឲ្យជ្រៅមានផ្លូវទឹក ទឹកហូរចេញ មើមធំល្អមិនរលួយមើមទេ ហើយដំឡូងឆ្នាំនេះ ក្នុងមួយហិចតាៗ បានតែ១៧ ទៅ២០តោនទេ»

បើតាមកសិករដដែល ដំឡូងចុងឆ្នាំនេះ ក្នុងមួយគីឡូក្រាម លក់ចេញបានត្រឹមតែ២២០រៀល តែបើខែប្រាំងវិញ លក់ចេញបានតម្លៃថ្លែងជាងនេះ។ ប៉ុន្តែ បើធៀបនឹងខេត្តត្បូងឃ្មុំ ខុសគ្នា១០០រៀល ដោយគេលក់ចេញបាន ១គីឡូក្រាម ៣២០រៀល។

ចំណែកឯក្រុមឈ្មួញវិញ បានលើកឡើងថា ក្នុងមួយថ្ងៃៗ ពួកគាត់ទិញបាន៧ ទៅ៩តោន សម្រាប់ដឹកចេញទៅលក់នៅប្រទេសវៀតណាម។ ពួកគេលក់បន្តបានតម្លៃ ក្នុងមួយគីឡូក្រាម២៦០០ដុង ស្មើនឹងលុយខ្មែរ៣៥០៛ ទៅ៤០០៛ តាមអត្រាដូរលុយឡើង ឬចុះ៕