(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ដែលមានជីវភាពខ្វះខាតចំនួន៣៧គ្រួសារ មកពីភូមិអូរថ្ម និងភូមិជាំ ក្នុងឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានទទួលអំណោយមនុស្សធម៌រួមមាន សម្ភារ និងថវិកាពីក្រុមហ៊ុនសាម៉នខេមរអភិវឌ្ឍន៍ តាមរយៈអាជ្ញាធរដែនដី។

លោក ដុំ ឈុននី ប្រធានក្រុមប្រឹក្សាស្រុកអន្លង់វែង បានថ្លែងថា ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ស្របតាមទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនោះ ក្រុមហ៊ុនសាម៉នខេមរអភិវឌ្ឍន៍ ដែលមានលោកស្រី ផល គុជ្ជឌី ជាអគ្គនាយិកាបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមការងារចុះជួយឃុំត្រពាំងប្រិយ បានរៀបចំនាំនូវអំណោយយកមកចែកជូនបងប្អូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ពដែលមានជីវភាពខ្វះខាតនៅពេលនេះ។

លោកបន្តថា អំណោយទាំងនេះ ទោះបីមិនបំពេញតាមតម្រូវការចង់បានរបស់បងប្អូនប្រជាពលរដ្ឋ ក៏ពិតមែន តែវាបានដោះស្រាយនូវការខ្វះខាតរបស់បងប្អូន បានមួយរយៈពេលខ្លីផងដែរ។ ជាមួយគ្នានោះ លោកប្រធានក្រុមប្រឹក្សាស្រុក បានថ្លែងអំណរគុណដល់ក្រុមហ៊ុនសាម៉នខេមរអភិវឌ្ឍន៍ ដែលជានិច្ចជាកាលតែងបានសហការជាមួយអាជ្ញាធរដែនដី ចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋក្រីក្ររបស់យើង។

លោកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋយើង ត្រូវមានការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលជានិច្ចជាកាលតែងតែ នៅក្បែរនិងប្រជាពលរដ្ឋ និងបានដោះស្រាយការលំបាកផ្សេងៗ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

ទន្ទឹមនិងនោះដែរ មិនត្រូវជឿតាមពាក្យញុះញង់ណាមួយរបស់ក្រុមប្រឆាំង ដែលតែងតែមានចេតនាចង់បំផ្លាញសុខសន្តិភាព និងភាពរីកចំរើននៅក្នុងប្រទេសកម្ពុជាយើងនោះទេ៕