(សៀមរាប)៖ លោក Gan Kim Yong រដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរី បានធ្វើដំណើរមកទស្សនកិច្ចផ្ទះរបស់ប្រជាជនកម្ពុជាមួយកន្លែង ស្ថិតនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីត្រួតពិនិត្យទៅលើអត្ថប្រយោជន៍ផ្សេងៗដែលទទួលបានពីគម្រោង «ទឹកជាជីវិត» របស់អង្គការអន្តរជាតិសិង្ហបុរី (SIF) នៅក្នុងខេត្តសៀមរាប ក្រោយពីត្រូវបានដាក់ឲ្យដំណើរការជាលើកដំបូងក្នុងឆ្នាំ២០១០។

មកទល់ពេលនេះ កម្មវិធីទឹកជាជីវិត បានផ្តល់ឲ្យប្រជាពលរដ្ឋកម្ពុជាជាង ៧ម៉ឺននាក់ នូវភាពងាយស្រួលក្នុងការប្រើប្រាស់ទឹកស្អាតសម្រាប់ផឹក និងបានធ្វើឲ្យសុខភាពរបស់ពួកគាត់កាន់តែល្អប្រសើរឡើង តាមរយៈវគ្គសិក្សាពីអនាម័យជាមូលដ្ឋាន។

លោក Gan បានថ្លែងថា «សិង្ហបុរី និងកម្ពុជា គឺជាដៃគូក្នុងតំបន់យ៉ាងជិតស្និទ្ធិ ហើយចំណងមិត្តភាពរបស់យើងជាមួយនឹងប្រជាពលរដ្ឋកម្ពុជា បានកំពុងតែរីកចម្រើនឥតឈប់ឈរ។ គម្រោងផ្សេងៗដូចជា កម្មវិធីទឹកជាជីវិតរបស់ SIF គឺជាគំរូដ៏ល្អមួយដែលបង្ហាញរបៀបដែលប្រជាជនសិង្ហបុរី និងកម្ពុជា អាចធ្វើការជាមួយគ្នាបាន។ គម្រោងនេះ មានគោលបំណងក្នុងការផ្តល់ឲ្យសហគមន៍នៅតាមជនបទ បន្តមានភាពងាយស្រួលក្នុងការទទួលបានសេវាអនាម័យ និងការផ្គត់ផ្គង់ទឹកស្អាត ក៏ដូចជាបរិស្ថានរស់នៅប្រកបដោយអនាម័យនៅត្រឹមឆ្នាំ២០២៥។

តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ សិង្ហបុរី ក៏បន្តចូលរួមជាចំណែកក្នុងដំណើរឆ្ពោះទៅកាន់កិច្ចខិតខំប្រឹងប្រែជាសកលផងដែរ ដូចជាកម្មវិធីគោលដៅអភិវឌ្ឍជានិរន្តរភាពចំនួន១៧ ដោយកម្មវិធី២ក្នុងចំណោមនោះ មានគោលបំណងជួយឲ្យមានសុខភាព និងសុខុមាលភាពល្អ ក៏ដូចជាមានភាពងាយស្រួលជាសកលក្នុងការទទួលបានទឹកស្អាត និងមានអនាម័យ សម្រាប់ទាំងអស់គ្នានៅត្រឹមឆ្នាំ២០២០»។

កម្មវិធី ទឹកជាជីវិត របស់អង្គការអន្តរជាតិសិង្ហបុរី ត្រូវបានដំណើរការជាលើកដំបូងក្នុងឆ្នាំ២០១០ ក្នុងស្រុកសូទ្រនិគម និងប្រាសាទបាគង ក្នុងខេត្តសៀមរាប។ ក្នុងពេលគម្រោងនេះបានបិទបញ្ចប់នៅឆ្នាំ២០១៤ អ្នកស្ម័គ្រចិត្តចំនួន៤៦០នាក់របស់អង្គការអ្នកស្ម័គ្រចិត្តអន្តរជាតិសិង្ហបុរី (SIVs) បានដំឡើងឧបករណ៍ចម្រោះទឹកស្អាតចំនួន ២,៦៥០ ដែលបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន ១៧,០០០នាក់។ ការដំឡើងឧបករណ៍ចម្រោះទឹកស្អាតនេះ បានជួយកាត់បន្ថយគ្រោះថ្នាក់ដោយសារតែជំងឺក្នុងទឹកបានចំនួន ៨៥%។

នៅចន្លោះឆ្នាំ២០១២ ដល់២០១៧ អ្នកស្ម័គ្រចិត្តមកពីអង្គការដដែលច្រើនជាង ៤០០នាក់ ក៏បានចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្តក្នុងឃុំចំនួន១២ នៅខេត្តកំពង់ស្ពឺផងដែរ ក្នុងការដំឡើងឧបករណ៍ចម្រោះទឹកស្អាតដោយដីខ្សាច់ ចំនួន ១,៧៥០ ដើម្បីផ្តល់ទឹកស្អាត និងមានសុវត្ថិភាពក្នុងការផឹក វគ្គសិក្សាពីអនាម័យជាមូលដ្ឋាន និងការជួយគាំទ្រហេដ្ឋារចនាសម្ព័ន្ធសហគមន៍ ដល់ប្រជាពលរដ្ឋតាមភូមិចំនួន ៤៤,០០០នាក់។

កាលពីខែកញ្ញា ឆ្នាំ២០១៧ អង្គការអន្តរជាតិសិង្ហបុរី (SIF) បានចាប់ផ្តើមដំណើរការគម្រោង ទឹកជាជីវិត ទី២របស់ខ្លួន ក្នុងខេត្តសៀមរាប។ គម្រោងដែលមានរយៈពេល៤ឆ្នាំមួយនេះ មានគោលបំណងក្នុងការផ្តល់ឲ្យប្រជាពលរដ្ឋកម្ពុជាចំនួន ៩ពាន់នាក់ ដែលរស់នៅតាមស្រុក ជីក្រែង និងស្វាយលើ ក្នុងខេត្តសៀមរាប មានភាពងាយស្រួលក្នុងការទទួលបានទឹកស្អាតប្រើប្រាស់ និងជួយផ្តល់ចំណេះដឹងផ្នែកអនាម័យ ជាមូលដ្ឋានដល់ពួកគាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ដោយសារតែជំងឺផ្សេងៗដែលបង្ករដោយទឹក។

ចាប់តាំងពីគម្រោងទី២មួយនេះ បានចាប់ផ្តើមដំណើរការក្នុងខេត្តសៀមរាប អ្នកស្ម័គ្រចិត្តចំនួន២២៣នាក់ មកពីប្រទេសសិង្ហបុរី បានដំឡើងឧបករណ៍ចម្រោះទឹកស្អាតជិត ៦០០ និងបានបើកវគ្គសិក្សាអប់រំពីអនាម័យជាមូលដ្ឋានជាច្រើន សម្រាប់ប្រជាពលរដ្ឋតាមភូម គ្រូបង្រៀន និងកុមារ។ នៅមុនពេលគម្រោងនេះបិទបញ្ចប់ ឧបករណ៍ចម្រោះទឹកចំនួន ៩០០ ត្រូវបានដំឡើងជាស្ថាពរ។ គម្រោងនេះ បញ្ចប់ដោយជោគជ័យក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងអង្គការ Water for Cambodia និងទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន Ngee Ann Development Pte Ltd។

កម្មវិធី ទឹកជាជីវិត គឺជាសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត ក្នុងចំណងមិត្តភាពរយៈពេល១៧ឆ្នាំរវាងប្រជាជនសិង្ហបុរី និងកម្ពុជា ដែលត្រូវបានបង្កើតឡើងតាមរយៈគម្រោងសហប្រតិបត្តិការអន្តរជាតិរបស់អង្គការអន្តរជាតិសិង្ហបុរី។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ អង្គការអន្តរជាតិសិង្ហបុរី បានបញ្ជូនអ្នកស្ម័គ្រជាច្រើនមកពីសិង្ហបុរី ក្នុងនោះរាប់បញ្ចូលទាំង គ្រូបង្រៀនដ៏មានឯកទេស និងគ្រូពេទ្យអាជីពជាច្រើន ដើម្បីមកធ្វើការជាមួយនឹងភ្នាក់ងារ និងសហគមន៍នានា នៅរាជធានីភ្នំពេញ សៀមរាប កណ្តាល និងកំពង់ស្ពឺ ដើម្បីជួយលើកម្ពស់កម្រិតស្តង់ដារនៃការថៃទាំសុខភាព និងការអប់រំ ក្នុងសហគមន៍នានាដែលកំពុងអភិវឌ្ឍ៕