(កំពង់ចាម)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបើកវគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល២ថ្ងៃ ស្តីពី «ការងារសង្គមកិច្ចទាក់ទងនឹងអនីតិជនទំនាស់នឹងច្បាប់»។ ច្បាប់ស្ដីពីយុត្តិធម៌អនីតិជន បានតម្រូវឱ្យក្រសួងសង្គមកិច្ច ត្រូវធ្វើការបណ្តុះបណ្តាលភ្នាក់ងារសង្គមកិច្ច ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អនីតិជនទំនាស់នឹងច្បាប់ ស្របតាមបទដ្ឋានជាតិ អន្តរជាតិ សំដៅទប់ស្កាត់ ការប្រព្រឹត្តបទល្មើស របស់អនីតិជន និងដើម្បីឧត្តមប្រយោជន៍របស់អនីតិជនដែលត្រូវបានដកហូតសេរីភាព។

វគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់ទៅលើការងារសង្គមកិច្ច និងការគ្រប់គ្រងករណី ការពិភាក្សាលើការបង្កើតទម្រង់របាយការណ៍ស្តីពីការប៉ាន់ប្រមាណសុខុមាលភាព និងស្ថានភាពសង្គមកិច្ចរបស់អនីតិជន និងការតាក់តែងមេរៀនសម្រាប់បង្រៀនបន្តដល់ថ្នាក់ស្រុក ដោយមានការសហការគាំទ្រពី អង្គការ UNICEF។

នេះជាការលើកឡើងរបស់ លោក តូច ចាន់នី អគ្គនាយកបច្ចេកទេសតំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងនៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការងារសង្គមកិច្ចដែលទាក់ទងនឹងអនីតិជនទំនាស់នឹងច្បាប់ រៀបចំធ្វើនៅថ្ងៃទី០២ ខែកញ្ញា ឆ្នា២០១៩ នៅខេត្តកំពង់ចា ម ។

លោក តូច ចាន់នី បានបញ្ជាក់ថា ក្រសួងសង្គមកិច្ច បានព្យាយាមបញ្ចៀសអនីតិជនទំនាស់នឹងច្បាប់ ចេញពីនីតិវិធីផ្លូវការរបស់តុលាការដើម្បីកុំឱ្យ ជាប់ក្នុងបញ្ជីថ្កោលទោលផងដែរ។

ជាមួយគ្នានេះ ភ្នាក់ងារសង្គមកិច្ច ត្រូវមានវត្តមាននៅគ្រប់ដំណាក់កាល ចាប់តាំងពីដំណាក់កាលនគរបាលយុត្តិធម៌ឡើងទៅ ហើយវត្តមានរបស់ភ្នាក់ងារសង្គមកិច្ចនេះ គឺដើម្បីផ្តល់ការគាំទ្រផ្លូវចិត្ត សេវាសង្គមចាំបាច់នានា និងធ្វើរបាយការណ៍ប៉ាន់ប្រមាណស្តីពីសុខុមាលភាព និងស្ថានភាពសង្គមរបស់អនីតិជន។

លោក តូច ចាន់នី បានពន្យល់ថា ការចាប់ខ្លួន ការឃាត់ខ្លួន និងការឃុំខ្លួនអនីតិជន គឺជាជម្រើសចុងក្រោយ និងត្រូវមានរយៈពេលខ្លីបំផុត។ ដោយមានការអញ្ជើញមកពីមន្ទីរ សង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ខេត្តចំនួន១៣ រួមមាន៖ ខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនៈគិរី កណ្តាល តាកែវ កំពត កែប ព្រះសីហនុ និងខេត្តកោះកុង។

គួរបញ្ជាក់ថា ច្បាប់ស្ដីពីយុត្តិធម៌អនីតិជន ជាប្រព័ន្ធយុត្តិធម៌ទំនើបមួយ ដែលផ្ដោតសំខាន់ទៅលើការបង្វែរ ដែលតម្រូវឱ្យមានការពិចាណានៅគ្រប់ដំណាក់កាលនៃនីតិវិធី ជាពិសេសដំណាក់កាលមន្រ្តីនគរបាលយុត្តិធម៌ ហើយការឃុំខ្លួនជាជម្រើសចុងក្រោយ និងមានរយៈពេលខ្លីបំផុត៕