(កំពង់ធំ)៖ រដ្ឋស្រុកបារាយណ៍ ដឹកនាំដោយលោក អួង សារឿន អភិបាលស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ បានដឹកនាំ កងម្លាំង សិស្សានុសិស្ស និងប្រជាការពារ រួមទាំងប្រជាពលរដ្ឋជិត៥០០នាក់ ចុះធ្វើយុទ្ធនាការណ៍រើសសំរាមសំអាតបរិស្ថាននៅតាមដងផ្លូវជាតិលេខ៦ ចំនួនពីរឃុំ ដែលមានឃុំបារាយណ៍ និងឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោក អ៊ួង សារឿន បានលើកឡើងថា ក្នុងមួយរយៈពេលប៉ុន្មានខែចុងក្រោយនេះមានប្រជាពលរដ្ឋ និងអ្នកដំណើរមួយចំនួនតែងតែមកឈប់នៅចន្លោះឃុំទាំងពីរខាងលើ ហើយធ្វើការបោះចោលសំរាមនៅក្បែរចិញ្ចើមផ្លូវ ដែលជាផ្លូវឆ្លងកាត់របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាច្រើនធ្វើដំណើរមកកាន់ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តផ្សេងទៀត តាមផ្លូវជាតិលេខ៦នេះ។ សកម្មភាពនេះគឺដើម្បីធ្វើការផ្សព្វផ្សាយ និងជូនដំណឹងដល់មហាជនទាំងអស់ រួមទាំងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជួយទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងឈប់ចាត់ទុកកន្លែងសាធារណៈនៅតំបន់ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាកន្លែងចោលសំរាមតទៀត។

លោក ខេន សុគុណ ជាគ្រូបង្រៀននៅសាលាភាសាអង់គ្លេស និងសិស្សានុសិស្ស បានលើកឡើងដែរថា សព្វថ្ងៃការទុកដាក់សំរាមនៅក្នុងសាលា មិនថាសាលារៀនឯកជន ឬសាលារៀនរបស់រដ្ឋនោះទេ គឺសិស្សគ្រប់រូបមានការយល់ដឹងខ្ពស់ចំពោះសុខភាព អនាម័យ និងបរិស្ថាន ព្រោះនៅតាមបណ្តាញផ្សព្វផ្សាយផ្សេងៗ តែងតែនិយាយអំពីបញ្ហាសុខភាព ដែលពាក់ព័ន្ធលើការទុកដាក់ និងផលវិបាកនៃសំរាម ជាពិសេសនោះអាជ្ញាធរក្រុង ស្រុក និងសាលារៀនផ្ទាល់ តែងតែធ្វើការផ្សព្វផ្សារទៅកាន់ប្រជាពលរដ្ឋ និងសិស្សគ្រប់រូប ព្រមទាំង បានដាក់ធុងសំរាមទាំងក្នុងបរិវេណសាលារៀន និងនៅតាមទីសាធរណៈមួយចំនួនផងផងដែរ។

ការចូលរួមលើកកម្ពស់អនាម័យ និងបរិស្ថាននៅក្នុងសហគមន៍ ពិតជាមានសារៈសំខាន់ដែលធ្វើសង្គមមួយគ្មានសំរាម។ ទាំងអស់នេះគឺផ្តើមចេញពីបុគ្គលខ្លួនឯង គ្រួសារ និងសហគមន៍ មានការទុកដាក់សំរាមប្រកបដោយភាពត្រឹមត្រូវ។ ក្នុងនោះប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្ស មន្ត្រីរាជការគ្រប់រូបត្រូវផ្តើមចេញពីខ្លួនឯងផ្ទាល់ ដែលត្រូវប្រកាន់ភ្ជាប់នូវការចោលសំរាមបានត្រឹមត្រូវទាំងនៅផ្ទះ កន្លែងធ្វើការងារ និងតាមទីសាធារណៈដែលខ្លួនទៅដល់ផងដែរ៕