(រតនគិរី)៖ ដីព្រៃបម្រុងទុករបស់រដ្ឋ ស្ថិតដែនព្រៃផ្តល់ផលជាច្រើនរយហិកតា ត្រូវបានកាប់រានឈូសឆាយ ស្ថិតក្នុងភូមិទៀមក្រោមឃុំភ្នំកុកស្រុកវើនសៃ ខេត្តរតនគិរី ជាតំបន់ព្រៃល្បោះ និងព្រៃស្រោងសំបូរទៅដោយឈើ មានតំលៃដោយពុំសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋានចុះទប់ស្កាត់ និងមានវិធានការឡើយ។

តាមការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋមូលដ្ឋានឲ្យដឹងថា សកម្មខាងលើនេះ ធ្វើឡើងដោយក្រុមហ៊ុន ហេង ដារ៉ា នាំគ្រឿងចក្រចំនួន ៣គ្រឿង (អាបុល,អេស្ការវ៉ាទ័រ) និងមធ្យោបាយមួយចំនួនទៀត។ សកម្មភាពនេះគឺចាប់ផ្តើមក្នុងរយៈពេល ៣-៤ខែមកហើយ គិតមកដល់ពាក់កណ្តាល ខែសីហា ឆ្នាំ២០១៩ ហើយសកម្មភាពនេះ ត្រូវផ្អាកជាបណ្តោះអាសន្ន ដោយសារមានភ្លៀងធ្លាក់ ខ្លាំងនៅចុងខែសីហានេះ។

ប្រភពព័ត៌មានខាងបន្តថា សកម្មភាពខាងលើនេះ មានការគប់គិតពីបុគ្គលមួយចំនួន ក្នុងជួររដ្ឋបាលស្រុកវើនសៃ ដោយក្នុងនោះលោក ហេង សាវឿន អភិបាលស្រុកវើនសៃ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា រូបលោកបានជម្រាបទៅលោក ថង សាវុន អភិបាលខេត្ត និងលោក ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរីរួចហើយ គឺសុំដីខាងលើដកទៅដាំស្វាយចន្ទី ដើម្បីផ្គត់ផ្គង់រដ្ឋបាលសាលាស្រុក។

បើតាមគោលការណ៍ច្បាប់ការឈូសឆាយដីព្រៃ របស់រដ្ឋជាច្រើនរយហិកតា និងប្រើគ្រឿងចក្រធន់ធ្ងន់បែបនេះ ទាល់តែមានលិខិតអនុញ្ញាត ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូច្នេះសកម្មភាពខាងលើនេះ គឺល្មើសច្បាប់។ ប្រភពព័ត៌មានដោយឡែកទៀត បានលួចបង្ហើបឲ្យដឹងថា ក្រុមហ៊ុន ហេង ដារ៉ា និងបុគ្គលមួយចំនួន ក្នុងរដ្ឋបាលស្រុកវ៉ើនសៃ បានគប់គិតគ្នាឈូសឆាយយកដីព្រៃរដ្ឋ ដាំស្វាយចន្ទីរួចលក់បន្ត (លក់ទៅឲ្យចិន) ក្នុងតម្លៃ ១ហិចតា២ ពាន់ដុល្លារ។

ដោយមូលហេតុអសកម្មទាំងនេះហើយ បានជាសកម្មភាពទំនាស់ដីធ្លី និងសកម្មភាពកាប់រានឈូសឆាយដីព្រៃរដ្ឋ ក្នុងភូមិសាស្ត្រស្រុកវ៉ើនសៃ ពុំមានអាជ្ញាធរចុះបង្ក្រាបឡើយ ធ្វើឲ្យដីព្រៃឈើរបស់រដ្ឋ កាន់តែរួមតូចពីមួយឆ្នាំទៅមួយឆ្នាំ។ ដូច្នេះចំពោះករណីខាងលើនេះ គួរមានក្រុមការងារចុះមានវិធានការ ឲ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់បាននូវសកម្មភាព កាប់រានឈូសឆាយ និងបញ្ហាទំនាស់ដីធ្លីផងដែរ។

ទាក់ទិនទៅនឹងករណីខាងលើនេះ ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩នេះ មិនអាចសុំការបំភ្លឺពីលោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោក ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី បាននៅឡើយទេ៕