(ភ្នំពេញ)៖ លោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅវេលាម៉ោងប្រមាណ៩៖៤០នាទីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។

ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេ នៅលើពិភពលោករូបនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

តាមការប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងកំឡុងទស្សនកិច្ចនេះនាយករដ្ឋមន្ត្រីម៉ាឡាស៊ី នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

លោក មហាធា មហាម៉ាត់ នឹងជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ដោយគ្រោងពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួមផងដែរ។ បន្ទាប់មក នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន និងធ្វើការប្រកាសព័ត៌មានរួមគ្នា។

ក្នុងកំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌបព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃកម្ពុជា។

ក្រសួងការបរទេសបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ បណ្ឌិតមហាធា មហាម៉ាត់ នៅកម្ពុជានឹងរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដ៏ល្អរវាងកម្ពុជានិងម៉ាឡេស៊ី ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ។

បន្ទាប់ពីមកដល់ប្រទេសកម្ពុជា, នៅរសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ លោក មហាធា មហាម៉ាត់ នឹងអញ្ជើញធ្វើបឋកថា ស្តីអំពី «ការរក្សាតុល្យភាពទំនាក់ទំនងជាមួយមហាអំណាចក្នុងបរិបទអាស៊ាន» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។

លោក មហាធា ម៉ូហាម៉ាដ (Mahathir Mohamad) ជានាយករដ្ឋមន្ត្រីទី០៧ របស់ម៉ាឡេស៊ី បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងព្រឹត្តិការណ៍បោះឆ្នោត កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ ដោយបានផ្តួលគណបក្សរបស់អតីតនាយករដ្ឋមន្ត្រីលោក ណាជីប រ៉ាហ្សាក់។

លោក មហាធា ជាមេដឹកនាំប្រទេសជាមិត្តទី៦ហើយ ដែលបានបានមកបំពេញទស្សនកិច្ច នៅកម្ពុជាក្នុងឆ្នាំ២០១៩នេះ។ មេដឹកនាំប្រទេសជាមិត្តដែលបានបំពេញទស្សនកិច្ចនៅកម្ពុជាឆ្នាំនេះរួមមាន៖ ប្រធានាធិបតីវៀតណាម លោក ង្វៀង ហ៊្វូជុង (Nguyen Phu Trong) បំពេញទស្សនកិច្ច រយៈពេល២ថ្ងៃពីថ្ងៃទី២៥ ដល់ ថ្ងៃទី២៦ ខែកុម្ភៈ , ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន និងភរិយា បំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា, លោកស្រី អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បំពេញទស្សនកិច្ចចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា និង លោក KP Sharma Oli នាយករដ្ឋមន្រ្តីនេប៉ាល់ បំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា និងលោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា ប្រធានាធិបតីស្រីលង្កាទស្សនកិច្ចថ្ងៃចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។