(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងជំរុញ និងលើកទឹកចិត្តដល់បណ្តាសហគ្រាស និងក្រុមហ៊ុនចិន ដែលមាននៅក្នុងប្រទេសកម្ពុជាទាំងអស់ ត្រូវបន្តពង្រឹងការបំពេញកាតព្វកិច្ចសារពើពន្ធ ឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងបទបញ្ញត្តិសារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា។

លោក គង់ វិបុល បានថ្លែងជំរុញយ៉ាងដូចនេះ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងវេទិកាស្តីពី «យន្តការនៃកិច្ចសហប្រតិបត្តិការផ្នែកសារពើពន្ធ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន» ដែលបានរៀបចំឡើងនៅសណ្ឋាគាររ៉ូសវូដ។ ដោយមានការចូលរួមពីលោក Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា, លោក Jing Jun ប្រធានសភាពាណិជ្ជកម្មចិននៃកម្ពុជា ព្រមទាំងមានមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានពន្ធដារ វិនិយោគិនជនជាតិចិន ដែលកំពុងវិនិយោគលើគម្រោងធំៗ ដែលមានសក្តានុពល និងមានដើមទុនច្រើនដូចជា សាខាធនាគារ អ៊ិនដាសស្ទ្រៀល អេន ខមមើសល ប៊ែង អហ្វឆាយណា (ICBC) ធនាគារចិន (ហុងកុង) (Bank of China, Hong Kong), និងសីហនុវីល ស្ពេសល អ៊ីខននើមី ហ្សូន (SSEZ) ។

លោក គង់ វិបុល បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អរវាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងសភាពាណិជ្ជកម្មចិនប្រចាំកម្ពុជានាពេលកន្លងមក។ លោកបានគូសបញ្ជាក់ពីកំណើនសេដ្ឋកិច្ច និងការរីកដុះដាលជាបន្តបន្ទាប់នៃការវិនិយោគនៅកម្ពុជា ពិសេសការចូលរួមរបស់វិនិយោគិនចិន ដែលបានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការធ្វើឱ្យកើនឡើងនូវចំណូលពន្ធដារ និងការអនុវត្តដោយជោគជ័យនូវយុទ្ធសាស្ត្រកៀរគរចំណូល រយៈពេលមធ្យម ឆ្នាំ២០១៤-២០១៨ របស់រាជរដ្ឋាភិបាល និងការបន្តអនុវត្តនូវយុទ្ធសាស្ត្រកៀរគរ ចំណូលឆ្នាំ២០១៩-២០២៣។

ក្រុមការងារនេះ ត្រូវបានបង្កើតឡើងក្នុងគោលដៅជំរុញ និងពង្រឹងកិច្ចសហការល្អរវាងរដ្ឋបាលសារពើពន្ធកម្ពុជា និងសភាពាណិជ្ជកម្មចិននៃកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងពន្ធដារ ជូនដល់វិនិយោគិនចិននៅកម្ពុជា ព្រមទាំងជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិនិយោគិនទូទៅ ក៏ដូចជាវិនិយោគិនជាជនជាតិចិន។

លោក គង់ វិបុល បានបញ្ជាក់ទៀតថា អគ្គនាយកដ្ឋានពន្ធដារ និងសភាពាណិជ្ជកម្មចិននៃកម្ពុជា ត្រូវរួមសហការគ្នាចូលរួមចំណែកដើម្បីធានាបានប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធ និងពង្រឹងអនុលោមភាពសារពើពន្ធសម្រាប់ វិនិយោគិនជាជនជាតិចិននៅកម្ពុជា ហើយលោកក៏បានថ្លែងអំណរគុណដល់អគ្គរាជទូតចិនប្រចាំកម្ពុជា សភាពាណិជ្ជកម្មចិននៃកម្ពុជា និងវិនិយោគិនចិនទាំងអស់ ព្រមទាំងបានជំរុញ និងលើកទឹកចិត្តដល់បណ្តាសហគ្រាស និងក្រុមហ៊ុនចិនទាំងអស់ ត្រូវឱ្យបន្តពង្រឹងការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងបទបញ្ញត្តិសារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា។

អគ្គនាយកដ្ឋានពន្ធដារ ក៏បានប្រគល់វិញ្ញាបនបត្រ DTA, វិញ្ញាបនបត្រអនុលោមភាពកម្រិតមាស ជូនដល់សហគ្រាសមួយចំនួនរបស់អ្នកវិនិយោគិនចិន ផ្សព្វផ្សាយនូវប្រកាសលេខ៧៧៥ សហវ.ប្រក ស្តីពីការបង្កើត និងដាក់ឱ្យដំណើការក្រុមការងារ ភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ- សភាពាណិជ្ជកម្មចិន (កម្ពុជា) ដែលត្រូវបានចុះហត្ថលេខា ដោយ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនដល់លោកប្រធានសភាពាណិជ្ជកម្មចិនប្រចាំកម្ពុជា ដែលជាសហប្រធាននៃក្រុមការងារនេះផងដែរ។

តាមរយៈវេទិកានេះ សភាពាណិជ្ជកម្មចិននៃកម្ពុជា ក៏បានបង្ហាញនូវឆន្ទៈមោះមុត ក្នុងការចូលរួមសហការជាមួយរដ្ឋបាលសារពើពន្ធ នៃកម្ពុជា ដើម្បីពង្រឹងការអនុវត្តកាតព្វកិច្ចសារពើពន្ធ របស់វិនិយោគិនជាជនជាតិចិននៅកម្ពុជាកម្ពុជា និងបានថ្លែងអំណរគុណដល់ អគ្គនាយកដ្ឋានពន្ធដារ ដែលបានចូលរួមផ្សព្វផ្សាយអំពីប្រធានបទសំខាន់ៗ ដ៏គួរឱ្យចាប់អារម្មណ៍ ក៏ដូចជាពន្យល់ណែនាំយ៉ាងក្បោះក្បាយ ចំពោះចម្ងល់នានាពាក់ព័ន្ធនឹងពន្ធដារ ជូនដល់វិនិយោគិនចិនទាំងអស់ផងដែរ៕