(ភ្នំពេញ)៖ នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត លោកសាស្ដ្រាចារ្យ ងី ម៉េង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ ឱ្យដឹងថា ក្នុងរយៈពេលមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី១៩-២១ និងថ្ងៃទី២៤-២៧ ខែសីហា ឆ្នាំ២០១៩ ក្រោមការសហការជាមួយសមាគមមូលនិធិចក្ខុខ្មែរ និងអង្គការជំនួយមនុស្សធម៌ សុខភាពអូស្រ្តាលី (AUSTRALIAN HEALTH HUMANITRAIN AID-AHHA) បានធ្វើការពិនិត្យ និងព្យាបាលជំងឺភ្នែកឡើងបាយ ជូនប្រជាពលរដ្ឋក្រីក្រ ដោយឥតគិតថ្លៃ ជិត២ពាន់នាក់ ។

លោកសាស្ដា្រចារ្យ ងី ម៉េង បានថ្លែងបន្ដថា «ការជួយពិនិត្យព្យាបាល និងវះកាត់ភ្នែកឡើងបាយ ជូនប្រជាពលរដ្ឋក្រីក្រ ដោយឥតគិតថ្លៃនេះ បានចូលរួមចំណែកយ៉ាងច្រើន ក្នុងការកាត់បន្ថយអត្រាពិការភ្នែក ដោយសារជំងឺនេះ។ ដោយក្នុងរយៈពេលមួយសប្ដាហ៍មកនេះ បានពិនិត្យជំងឺក្រៅចំនួនប្រមាណ១,២០០នាក់ និងវះកាត់បានចំនួន ៥៤០នាក់»

លោកសាស្ដ្រាចារ្យបន្ដថា «អង្គការជំនួយមនុស្សធម៌សុខភាពអូស្រ្តាលី ក៏បានផ្ដល់នូវម៉ាស៊ីន ពិនិត្យ និងព្យាបាលជំងឺភ្នែកឡើងបាយនេះ ចំនួន២គ្រឿង មកដល់មន្ទីរពេទ្យយើងផងដែរ។ ដូច្នេះវានឹងជួយបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវាព្យាបាល ជូនប្រជាពលរដ្ឋយើង ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត»

សូមជម្រាបផងដែរថា ក្នុងឱកាសសហការគ្នារវាងសមាគមមូលនិធិចក្ខុខ្មែរ និងអង្គការជំនួយមនុស្សធម៌សុខភាពអូស្រ្តាលី ពិនិត្យព្យាបាលជំងឺភ្នែកឡើងបាយនេះ ប្រជាពលរដ្ឋជិត២ពាន់នេះ បានសម្ដែងនូវសេចក្ដីត្រេកអរយ៉ាងខ្លាំង ចំពោះការផ្ដល់សេវាពិនិត្យព្យាបាល យ៉ាងចិត្ដទុក្ខដាក់ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ហើយពលរដ្ឋ ក៏បានស្នើឱ្យបន្ដការពិនិត្យព្យាបាលបែបនេះ ជូនពលរដ្ឋកម្ពុជាបន្ថែមទៀត៕