(ភ្នំពេញ)៖ ក្នុងពេលបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា លោក មហាធៀរ មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៉ី នឹងធ្វើបាថកថានៅចំពោះមុខនិស្សិតប្រមាណ ៧០០នាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។

បាថកថាដ៏ពិសេសមួយនេះ នឹងត្រូវធ្វើឡើងនារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានឈ្មោះថា «ការរក្សាតុល្យភាពទំនាក់ទំនង ជាមួយប្រទេសមហាអំណាច នៅក្នុងបរិបទអាស៊ាន»។ នេះបើតាមការបញ្ជាក់ពីលោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៩ ខែសីហានេះ។

លោក ជេត ជាលី បានបញ្ជាក់បន្ថែមថា «នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៉ី នឹងធ្វើបាថកថា រយៈពេល១ម៉ោង និង៣០នាទី។ តាមការគ្រោងទុក មាននិស្សិតចូលរួមប្រមាណ ៧០០នាក់ ក្នុងនោះនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៤០០នាក់ ព្រមទាំងយុវជន និងនិស្សិត មកពីសាលាផ្សេងៗទៀត ចំនួន៣០០នាក់ទៀតផងដែរ»។

សូមបញ្ជាក់ថា លោក មហាធៀរ មហាម៉ាត់ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់កម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News។

អំឡុងបំពេញទស្សនកិច្ចនេះ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៉ី នឹងអញ្ជើញជួបពិភាក្សាទ្វេភាគី ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩។ បន្ទាប់ពីនោះ លោកចូលជួបសម្តែងការគួរសមជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជួបសម្តែងការគួរសមជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ។

លោក មហាធៀរ ដែលមានវ័យ៩២ឆ្នាំ គឺជានាយករដ្ឋមន្ត្រីវ័យចំណាស់ជាងគេ នៅសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ បានឈ្នះក្នុងការបោះឆ្នោត កាលពីពាក់កណ្តាលឆ្នាំ២០១៨ លើគណបក្សរបស់អតីតនាយករដ្ឋមន្ត្រី Najib Razak។

លោកបានកាន់តួនាទី ជានាយករដ្ឋមន្ត្រីម៉ាឡេស៉ី ចំនួនពីរលើក គឺលើកទី១ ពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣ ចំណែកឯលើកទី២នេះ ចាប់ពីខែឧសភា ឆ្នាំ២០១៨ រហូតដល់ពេលបច្ចុប្បន្ន៕