(ភ្នំពេញ)៖ គណៈប្រតិភូកូរ៉េមួយក្រុម មកពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) កំពុងចូលរួមសន្និសីទថ្នាក់ជាតិ ស្តីអំពី «ការស្វែងរកសន្តិភាពសច្ចភាព និងការផ្សះផ្សានៅកម្ពុជា» នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅឯមជ្ឈមណ្ឌល Phnom Penh Ecumenical Diakonia Center។

គណៈប្រតិភូដឹកនាំដោយ លោកស្រី គីម ជីយូន (Kim Jiyoon) អគ្គនាយក នាយកដ្ឋានសហប្រត្តិបត្តិការពហុភាគី និងជំនួយមនុស្សធម៌ របស់ទីស្នាក់ការកណ្តាលកយកា។ ព្រឹត្តិការណ៍នេះ មានការចូលរួមពី អ្នកចូលរួមប្រមាណជិត១៥០នាក់ ដែលរួមមានអ្នកតំណាងមកពីស្ថាប័នកម្ពុជាចំនួន១០ និងអ្នកចូលរួមអន្តរជាតិជាង២៥នាក់។

គោលបំណងនៃសន្និសីទជាតិនេះ គឺដើម្បីចែករំលែកបទពិសោធន៍ ស្តីពីការគ្រប់គ្រងបណ្ណសារ ដែលទាក់ទងនឹង អំពើប្រល័យពូជសាសន៍។ សន្និសីទនេះ នឹងអនុញ្ញាតឲ្យ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង៖

ទី១៖ ធ្វើទំនាក់ទំនងជាបណ្តាញ ជាមួយស្ថាប័នជាតិ ដែលមានសកម្មភាពទាក់ទងនឹង ប្រវត្តិសាស្រ្តខ្មែរក្រហម និង គំនិតផ្តួចផ្តើមកសាងសន្តិភាព និង ជាមួយស្ថាប័នស្រដៀងគ្នានៅជុំវិញពិភពលោក។
ទី២៖ ដើម្បីផ្លាស់ប្តូរទស្សនវិស័យជាអន្តរជាតិ លើបញ្ហាប្រឈមខាងក្រមសីលធម៌ ដែលនាំមក ដោយការធ្វើឌីជីថលបណ្ណសារ ទាក់ទងនឹងការសម្លាប់រង្គាល/ប្រល័យពូជសាសន៍។

សន្និសីទថ្នាក់ជាតិនេះ ត្រូវបានរៀបចំឡើងនៅក្នុងក្របខ័ណ្ឌនៃ «គម្រោងស្តីពី ការអភិរក្សនិងបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងប្រព័ន្ធកុំព្យូទ័រ» ដែលទទួលបានការផ្តល់ហិរញ្ញទានជំនួយឥតសំណង ពីទីភ្នាក់ងារកយកា-KOICA។

សន្និសីទថ្នាក់ជាតិនេះ គឺជាផ្នែកមួយនៃសន្និសីទអន្តរជាតិរយៈពេល៣ថ្ងៃ ស្តីពី «ការប្រល័យពូជសាសន៍ ការចងចាំនិង សន្ដិភាព» ដែលត្រូវបានរៀបចំ នឹងត្រូវបានរៀបចំឡើង នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។ សន្និសីទនេះ រៀបចំឡើងដោយ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (TSGM) ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ដោយមានការគាំទ្រពីទីភ្នាក់ងារកយកា និង អង្គការយូណេស្កូ។

គួររំលឹកថា ជាការចូលរួមចំណែកក្នុងការងារអភិរក្ស និង ធ្វើឌីជីថលបណ្ណសារ នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ទីភ្នាក់ងារ កយកាបានគាំ ទ្រ ដល់អង្គការយូណេស្កូ ក្នុងការអនុវត្តគម្រោងមួយ ដែលមានចំណង ជើងថា «គម្រោង ស្តីពី ការអភិរក្សនិងបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងប្រព័ន្ធកុំព្យូទ័រ» ដែលមានទឹកប្រាក់សរុប ១,១៥០,០០០ដុល្លារ ត្រូវបាននឹងបន្តអនុវត្តចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ២០១៩។ គម្រោងនេះ ត្រូវបានអនុវត្តក្រោម ភាពជាដៃគូរឹងមាំរវាងទីភ្នាក់ងារកយកា អង្គការយូណេស្កូ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំង សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង៕