(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវវិធានការបន្ទាន់ចំនួន៣ ដើម្បីដោះស្រាយបញ្ហាទឹកកខ្វក់ នៅខេត្តព្រះសីហនុ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩។

វិធានការទាំង៣នេះ បានឯកភាពដាក់ចេញ នៅក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និង ពិភាក្សាអំពី «វិធានការដោះស្រាយ បញ្ហាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ» ដែលដឹកនាំដោយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ)។

កិច្ចប្រជុំនេះ មានការចូលរួមពីលោក ទេសរដ្ឋមន្ត្រី លោករដ្ឋមន្រ្តី និងដឹកនាំជាន់ខ្ពស់នៃក្រសួង-ស្ថាប័ន ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដែលរៀបចំធ្វើឡើងនៅ ទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច, ស្របពេលនឹងកំណើនយ៉ាងគំហុក នៃការអភិវឌ្ឍ រួមនឹងកំណើនប្រជាជនខ្ពស់ក្នុងក្រុងព្រះសីហនុ, លទ្ធភាពទ្រទ្រង់នៃហេដ្ឋាចនាសម្ព័ន្ធរូបវ័ន្តរបស់ខេត្ត ត្រូវបាននិងកំពុងក្លាយជាបញ្ហា ប្រឈមដ៏ធំ សម្រាប់ខេត្តភាគនីរតីមួយនេះ។

ជាក់ស្តែង, ក្រៅពីបញ្ហាគុណភាព និងសមត្ថភាពទ្រទ្រង់, ផ្លូវថ្នល់ក្នុងក្រុង ក៏ទទួលរកការខូចខាតគួរ ឲ្យកត់សម្គាល់ដោយសារជំនន់ទឹកភ្លៀង នាពេលថ្មីៗនេះ ជាមួយនឹងការរំលោភចាក់បំពេញដី ដោយខុសច្បាប់ លើអូរធម្មជាតិ ដែលជាប្រព័ន្ធ រំដោះទឹកភ្លៀងចាក់ចូលសមុទ្រ ។ បន្ថែមលើនេះ ប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ បច្ចុប្បន្នក៏មិនអាចឆ្លើយតប ដោយប្រសិទ្ធិភាពទៅនឹងទំហំជំនន់ទឹកភ្លៀង និងការបញ្ចេ្ញទឹកកខ្វក់ ពីក្នុងក្រុងទាំងមូលនោះទេ ។

នៅឆ្នាំ ២០១៨ បរិមាណបញ្ចេញទឹកកខ្វក់ នៅខេត្តព្រះសីហនុ មានរហូតដល់ ២៥,០០០ ម៉ែត្រគូប ក្នុង ១ ថ្ងៃ ហើយត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ៤៧,០០០ ម៉ែត្រគូប ក្នុង ១ ថ្ងៃ នៅឆ្នាំ ២០២៣ និងអាចបន្តកើនឡើង រហូតដល់ ៦៤,០០០ ម៉ែត្រគូប ក្នុង ១ ថ្ងៃ នៅឆ្នាំ ២០៣០ ។ បញ្ហាប្រឈមទាំងនេះ ទាមទារឲ្យមានវិធានការដោះស្រាយ ប្រកបដោយប្រសិទ្ធ-ភាព និងបន្ទាន់ ដើម្បីកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តព្រះសីហនុ ។

ក្នុងន័យនេះ, រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដី បានខិតខំជួសជុលកែលំអរផ្លូវ ក្នុងក្រុងជាបន្តបន្ទាប់ ដោយគម្រោងជួសជុលផ្លូវ ចំនួន ២២ ខ្សែ ក្នុងក្រុង ស្មើនឹងប្រវែង ៣៦,៤៣៥ ម៉ែត្រ បានទទួលការអនុម័តរួចហើយ ។
មក ទល់ពេលនេះ, ការស្តារ និងជួសជុលផ្លូវទាំងនោះ មានវឌ្ឍនភាពគួរឲ្យកត់សម្កាល់ ជាពិសេសកំណាត់ផ្លូវប្រើប្រាស់ថវិកា ថ្នាក់ក្រោមជាតិ ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ មានកំណាត់ផ្លូវមួយចំនួន ហាក់មានវឌ្ឍភាពយឺត ដោយជួបប្រទះ ការលំបាកមួយចំនួន រួមមាន៖ ការទទួលរងជំនន់ទឹកភ្លៀង បណ្តាលឲ្យមានការលិចលង់ លើកំណត់ផ្លូវមួយចំនួនជាដើម ដែលទាមទារឲ្យមានការខិតខំជំនះបន្ថែមទៀត ។

ជាមួយគ្នានេះ, ស្ថានភាពបច្ចុប្បន្ននៃប្រព័ន្ធរំដោះទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុង ដែលធ្វើឲ្យក្រុងទទួលរងនូវការលិចលង់ ពេលមានភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃកន្លងមកនេះ ។ ជាមួយនឹងការគិតគូរ និងវិធានការអនុវត្តរយៈពេលវែង ក្នុងការរៀបចំប្រព័ន្ធរំដោះទឹកក្នុងក្រុង, ស្ថានការបច្ចុប្បន្នតម្រូវឲ្យមានការគិតគូរលើវិធានការបន្ទាន់ ដើម្បីបញ្ជៀសការលិចលង់ក្រុងកម្រិតធ្ងន់ធ្ងរបន្តទៀត ជាពិសេស ចំណាត់ការបន្ទាន់ជាក់ស្តែង ចំពោះការរំលោភបំពាន លើនិយាមការអូរធម្មជាតិទាំង ៥ ក្នុងក្រុង ។

ឆ្លើយបតនឹងបញ្ហានេះ អង្គប្រជុំ បានឯកភាពដាក់ចេញវិធានការបន្ទាន់ចំពោះមុខ ដូចខាងក្រោម៖

ទី១៖ ការងារបន្ទាន់ និងជាកិច្ចការអាទិភាពៈ គឺត្រូវស្តារអូរធម្មជាតិទាំង ៥ និងលូ ដែលមានស្រាប់ ដែលសព្វថ្ងៃកំពុងទទួលរងការរំលោភយកចំណីអូរ និងប្រឡាយ ដើម្បីបើកមុខទឹកហូរ និងដោះស្រាយជំនន់ ទឹកភ្លៀង ។ ការអនុវត្តកិច្ចការនេះ, ក្រសួង-ស្ថាប័នមានសមត្ថកិច្ច ត្រូវមានភាពម៉ឺងម៉ាត់ និងដាក់ឱសានវាទច្បាស់លាស់ ដើម្បីឲ្យម្ចាស់សំណង់អគារ លំនៅដ្ឋានដែលសង់រំលោភលើលូ ប្រឡាយ/អូរ ធម្មជាតិ ត្រូវរុះរើចេញជាដាច់ខាត ។ ចំពោះសំណង់អគារធំៗ ម្ចាស់សំណង់ត្រូវរៀបចំជីកប្រឡាយវាង/លូបង្ហូរទឹកវាង ដោយរៀបចំជាសំណង់បេតុងស្របតាមស្តង់ដារសំណង់ ។

ទី២៖ បង្កើនល្បឿនការស្តារ និងជួសជុលកំណាត់ផ្លូវទាំង ២២ ខែ្សដែលមិនទាន់បានបញ្ចប់ៈ ក្រុមការងារដែលទទួលបន្ទុកសិក្សា ពីតម្រូវការជួសជុលនៃកំណាត់ផ្លូវទាំងនេះកន្លងមក ត្រូវធ្វើការសិក្សា និងវាយតម្លៃឡើងវិញ ពីទំហំនៃការជួលជុល ព្រោះថា ស្ថានភាពមានការប្រែប្រួលខ្លាំង នាពេលថ្មីៗនេះ ដែលបង្កដោយជំនន់ទឹកភ្លៀង ការដឹកលើសទម្ងន់ និងការបំពានចំណីផ្លូវ ជាដើម ក៏ដូចជាធ្វើការសិក្សាលើ លទ្ធភាពក្នុងការពង្រីក និងកែលម្អផ្លូវវាងក្រុង ដើម្បីសម្រាលបន្ទុកចរាចរលើផ្លូវធំៗមួយចំនួន រាប់ទាំង កំណត់ផ្លូវជាតិលេខ ៤ ផងដែរ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចសារជាថ្មី។

ទី៣៖ វិធានការរយៈពេលវែង ការកសាងស្ថានីចម្រោះទឹកកខ្វក់ និងការពង្រីកប្រព័ន្ធលូ និងតម្រូវការ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងទៀត នឹងដាក់បញ្ចូលក្នុងការសិក្សាផែនការមេ ដែលគ្រប់ជ្រុងជ្រោយ ដោយរាប់ទាំងការ គិតគូរ​ពីប្រភពនៃហិរញ្ញប្បទាន តាមគោលការណ៍​ «យកស្លឹកត្នោតខ្ចប់ស្ករត្នោត» ដែលជាអនុសាសន៍ណែនាំ​ របស់​សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយយកចំណូលពីការធ្វើ ឯកជនូបនីយកម្មអចលនទ្រព្យ របស់ខេត្តព្រះសីហនុ ដើម្បីការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តវិញ សំដៅបង្កើនប្រសិទ្ធភាព និងចីរភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តព្រះសីហនុ ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ និង​វាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្ម​ ក្នុងការពិភាក្សា រកដំណោះស្រាយ និងផ្តល់ជាធាតុចូលក្នុងផែនការមេ នៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានបទដ្ឋាន បច្ចេកទេសត្រឹមត្រូវ និងបានស្នើឲ្យគ្រប់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធបន្តចូលរួមផ្តល់កិច្ចសហការ ប្រកបដោយស្មារតីទទួលខុសត្រូវ និងយោគយល់ខ្ពស់​៕