(ភ្នំពេញ)៖ កីឡាករតេក្វាន់ដូ ប៉ាល់ ជីវ័ន ដែលត្រូវបានឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំងវើក (WURKZ) បានឈ្នះមេដាយមាស ក្នុងវិញ្ញាសារសម្តែងមេគុនខ្សែរក្រវ៉ាត់ខ្មៅ៥ដាន់ នៃការប្រកួតជ្រើសរើសជើងឯកតេក្វាន់ដូពិភពលោក World Taekwon – do ITF Championship ធ្វើឡើងនៅប្រទេសប៊ុលហ្គារី កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។ 

លោកស្រី គង់ កុសល នាយិការផ្នែកទីផ្សារនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា «នេះគឺជាមោទនភាពមួយរបស់កម្ពុជា ដែលអាចបំបែកកំណត់ត្រាថ្មីសន្លាងមួយ ដែលឈរលើតំណែងជាម្ចាស់មេដាយមាសលើប្រភេទកីឡានេះ ហើយយើងពិតជាមានសេចក្តីសោមនស្សមែនទែន ដែលបានគាំទ្រ និងឧបត្ថម្ភ ដើម្បីលើកស្ទួយកីឡាករជាតិយើង ទៅប្រកួតព្រឹត្តិការណ៍នេះ»

នេះគឺជាមេដាយមាសទីមួយ ដែលកម្ពុជាទទួលបានលើវិញ្ញាសាររសម្តែងមេគុនខ្សែក្រវ៉ាត់ខ្មៅ៥ដាន់ ក្រោយធ្លាប់ចូលរួមប្រកួតព្រឹត្តិការណ៍នេះ៦លើករួចមកហើយ តែបានត្រឹមតែទទួលមេដាយប្រាក់ និងសំរឹទ្ធប៉ុណ្ណោះ។

គួរបញ្ជាក់ថា កម្ពុជានៅមានការប្រកួតវិញ្ញាសារផ្សេងៗទៀត នៅក្នុងព្រឹត្តិការណ៍នេះ ដែលលទ្ធផលនៅមិនទាន់ដឹងនៅឡើយថា កម្ពុជាអាចទទួលបានមេដាយបន្ថែមទៀត ឬយ៉ាងណា៕