(សៀមរាប)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ បានចូលជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់អាស៊ាន ស្តីពីកិច្ចការគ្រឿងញៀន លើកទី៤០ ដោយមានការអញ្ជើញចូលរួមពី បណ្តាប្រទេសសហគមន៍អាស៊ាន សរុបជិត២០០នាក់។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី២ នៃកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់អាស៊ាន ស្តីពីកិច្ចការគ្រឿងញៀន លើកទី៤០ ស្របពេលដែលកម្ពុជា បាននិងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងសកម្ម ដូចភ្លៀង រលឹម ក្នុងការអនុវត្តផែនការសកម្មភាព នៃយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤ នៅទូទាំងប្រទេស និងត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះ នៃយន្តការសុវត្ថិភាព ទន្លេមេគង្គ ដែលមានគោលដៅដ៏សំខាន់ ក្នុងការបង្ការ និងទប់ស្កាត់ ការផលិត ការចរាចរ ការជួញដូរគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ ចេញពីតំបន់ត្រីកោណមាស ជាការចូលរួមចំណែកដ៏ធំធេងទាំងក្នុងក្របខណ្ឌតំបន់អាស៊ាន និងពិភពលោកទាំងមូល។

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងបន្តថា ស្ថានភាពនៃការដាំដុះ ការផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ទាំងនៅក្នុងតំបន់យើង និងសកលលោកមិនមានសញ្ញា ថយចុះនោះឡើយ បង្កជាបញ្ហាអសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានស្នើសុំតាមរយៈយន្តការអាសូត ឲ្យផ្តោតការយកចិត្តទុកដាក់ពង្រឹងនូវប្រសិទ្ធភាពការងារឲ្យស្របទៅនឹង ស្ថានភាពថ្មី នៃបញ្ហាគ្រឿងញៀននៅក្នុងតំបន់យើង ធ្វើការទទួលខុសត្រូវរួមគ្នាឲ្យបានខ្លាំងក្លា ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទទួលខុសត្រូវ ឲ្យចំគោលដៅឆ្លើយតបបានគ្រប់ជ្រុងជ្រោយ សមស្របនឹងស្ថានភាពជាក់ស្តែង និងពង្រឹងសមត្ថភាពជំនាញ ចែករំលែកព័ត៌មានឲ្យគ្នាទៅវិញទៅមក ក្នុងការត្រួតពិនិត្យគ្រឿងញៀនឆ្លងកាត់ព្រំដែន ដើម្បីលុបបំបាត់នូវបណ្តាញក្រុមឧក្រិដ្ឋជនឆ្លងដែនខុសច្បាប់ ដែលតែងតែធ្វើសកម្មភាព គំរាមដល់សន្តិសុខ ការអភិវឌ្ឍរបស់ប្រជាជន និងសហគមន៍ និងសូមគាំទ្រនូវគោលនយោបាយភូមិឃុំ/សង្កាត់ ស គ្មានគ្រឿងញៀនរបស់កម្ពុជា៕