(ភ្នំពេញ)៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ បានធ្វើការបណ្ដេញចេញជនជាតិចិន ចំនួន១៥០នាក់ ពីប្រទេសកម្ពុជា បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបបានពាក់ព័ន្ធករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធ័រណេត។

លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា នាយកដ្ឋានជំនាញ ក្រោមការណែនាំពី នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកនេះបានបណ្ដេញ ជនជាតិចិនទាំង១៥០នាក់នេះ មានស្រី១២នាក់ ទៅប្រទេសចិនវិញ តាមជើងយន្តហោះ Charter flight ចំនួនពីរគ្រឿងជើងហោះហើរលេខ (CZ3002.CZ3004) យន្តហោះបានចាកចេញពី អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នូវវេលាម៉ោង១០៖២៥នាទីព្រឹក។

សូមជម្រាបថា ជនជាតិចិនទាំងអស់នេះ ត្រូវសមត្ថកិច្ចបង្ក្រាបបាន កាលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ចំនួន១៨នាក់ នៅខេត្តកំពង់ស្ពឺ និងកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ បង្ក្រាបបានចំនួន១៣២នាក់ នៅខេត្តព្រះសីហនុ ដែលសុទ្ធតែពាក់ព័ន្ធបទល្មើសឆបោក តាមប្រព័ន្ធទូរគមនាគមន៍ (VOIP)៕