(ភ្នំពេញ)៖ បុរសម្នាក់ត្រូវខ្មាន់កាំភ្លើង មិនស្គាល់មុខបាញ់បណ្ដាលឲ្យស្លាប់ភ្លាមៗ ខណៈដែលកំពុងជិះម៉ូតូត្រលប់ទៅផ្ទះវិញនៅជិតមណ្ឌលឱកាសខ្ញុំ។ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោងជាង១១យប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ជិតមណ្ឌលឱកាសខ្ញុំ ស្ថិតក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា សពបុរសរងគ្រោះឈ្មោះ រឿន រតនា អាយុ៣៣ឆ្នាំ មានមុខរបរជាគ្រូបង្រៀន នៅវិទ្យាល័យទួលប្រាសាទសែនសុខ។ បច្ចុប្បន្នស្នាក់នៅក្នុងភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានកូន២នាក់ ស្រីម្នាក់ និងប្រុសម្នាក់។ មធ្យោបាយធ្វើដំណើរ ម៉ូតូម៉ាក HONDA SCOOPY ស៊េរីឆ្នាំ២០១៩ ពណ៌សពាក់ស្លាកលេខរតនគីរី1E-7838។

ប្រពន្ធបុរសរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ប្ដីរបស់ខ្លួនបានចេញទៅពិធីបុណ្យរបស់មិត្តភ័ក្រ លុះដល់វេលាម៉ោងជាង១១យប់ ស្រាប់តែមានគេទូរស័ព្ទ ទៅប្រាប់ខ្លួនថា ប្ដីត្រូវបានគេបាញ់ដោយលឺសំឡេងផ្ទុះចំនួន៣គ្រាប់ បណ្ដាលស្លាប់ភ្លាមៗ។ ហើយពេលនោះគាត់មិនជឿនោះទេ ថាប្ដីរបស់គាត់ត្រូវគេបាញ់សម្លាប់នោះ។ ភ្លាមនោះគាត់បានធ្វើដំណើរមកទីតាំងខាងលើ ក៏ប្រទះឃើញប្ដីរបស់ខ្លួន ពិតជាត្រូវបានគេបាញ់បណ្ដាលឲ្យស្លាប់ បាត់បង់ជីវិតពិតប្រាកដមែន។

អធិការនគរបាលខណ្ឌសែនសុខ លោក ហួរ ម៉េងវ៉ាង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះថា ករណីនេះមិនទាន់ដឹងថា ផ្ដើមចេញពីមូលហេតុអ្វីឲ្យពិតប្រាកដនោះទេ ហើយនៅពេលនេះសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌ និងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាដឹកនាំពី លោកឧត្តមសេនីយ៍ឯក ស ថេត កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។

អធិការខណ្ឌសែនសុខរូបនេះ ក៏បានអះអាងថា នៅកន្លែងកើតហេតុ ទ្រព្យសម្បត្តិរបស់ជនរងគ្រោះដែលមានជាប់នឹងខ្លួន មិនត្រូវបានបាត់បង់នោះទេ៕