(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខ ឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ភ្នាក់ងារសន្ដិសុខឯកជន ជាង៣,០០០នាក់ ត្រូវបានការបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន ដើម្បីបានយល់កាន់តែច្បាស់អំពីភារកិច្ច តួនាទីរបស់ខ្លួនស្របត្រឹមត្រូវតាមច្បាប់កំណត់។

ថ្លែងក្នុងពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី២០ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា ភ្នាក់ងារសន្ដិសុខឯកជន ត្រូវតែយល់យ៉ាងច្បាស់អំពីច្បាប់ តួនាទី ភារកិច្ច និងផលប្រយោជន៍របស់សន្តិសុខឯកជន ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ ឥស្សរជនជាន់ខ្ពស់ និងអ្នកវិនិយោគិនផ្សេង ដែលមកវិនិយោគនៅកម្ពុជា ឲ្យមានភាពរីកចម្រើនជាលំដាប់។

បើតាមលោកប្រធាននាយកដ្ឋានរូបនេះ វគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជននេះ នៅមានកម្រិតមិនទាន់សមាត្រជាមួយ ភ្នាក់ងារសន្តិសុខឯកជនទូទាំងប្រទេសនៅឡើយទេ។ ប្រសិនបើភ្នាក់ងារសន្តិសុខឯកជន ទូទាំងប្រទេសមានវិជ្ជាជីវៈច្បាស់លាស់នោះ វានឹងធ្វើឲ្យប្រសើរឡើងនូវការចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គមបានយ៉ាងល្អប្រសើរ។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអះអាងថា ភ្នាក់ងារសន្តិសុខឯកជន ជាកម្លាំងជំនួយដល់កងកម្លាំងនគរបាលជាតិ និងជាអ្នកការពារថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ នៅនឹងកន្លែងផ្ទាល់តែម្តង។ ដូច្នេះហើយ ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋានគរបាលជាតិ តែងតែយកចិត្តទុកដាក់បំផុត លើវិស័យសន្តិសុខឯកជនមួយនេះ ជាវិស័យមួយដែលមានការរីកចចម្រើនយ៉ាងខ្លាំង ស្របតាមប្រទេសជាតិ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

នៅក្នុងវគ្គបំប៉នជំនាញនេះ លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន បានឲ្យដឹងថា សិក្ខាកាមទាំងអស់ នឹងទទួលបានចំណេះដឹងលើប្រធានបទសំខាន់ៗ ដែលយើងទាំងអស់គ្នាកំពុងតែជួបប្រទះ និងប្រឈមជាប្រចាំថ្ងៃ ក្នុងការអនុវត្តការងារដូចជា៖ តួនាទី និងការទទួលខុសត្រូវ របស់ភ្នាក់ងារសន្តិសុខឯកជន, វិធីសាស្រ្តការពារគោលដៅ, ច្បាប់ចរាចរណ៍ផ្លូវគោក, របៀបផ្តល់ជំនួយ និងសហការជាមួយសមត្ថកិច្ច, ការស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ, វិធានការបង្ការពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គីភ័យ និងកិច្ចសហការការពារកន្លែងកើតហេតុ ជាដើម។

លោកសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ត្រង់ត្រាប់ស្តាប់វាលឃុនពន្យល់ ហើយក្រេបយកចំណេះដឹងទាំងនេះ ទៅបំពេញតួនាទីរបស់ខ្លួនក្នុងផ្លូវវិជ្ជមាន ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដើម្បីការពារផលប្រយោជន៍ឯកជន សារធារណៈ និងសង្គមជាតិយើងទាំងមូល៕