(ភ្នំពេញ)៖ លោក តូច យ៉ាន វេជ្ជបណ្ឌិតឯកទេសព្យាបាលជំងឺឬសដូងបាត និងជាអនុប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី នាពេលថ្មីៗនេះទទួលបានពានរង្វាន់ ពីអង្គការវាយតម្លៃគុណភាពពិភពលោក ក្រោមពាក្យស្លោក «ONE WORLD ONE AWARD» នៅសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក (SAN FRANCISCO UNITED STATES) និងសម្រាប់ខែក្រោយនេះប្រធានគ្លីនិក តូច យ៉ាន រូបនេះ នឹងទៅទទួលបានរង្វាន់ថ្មីមួយទៀត នៅប្រទេសអេស្ប៉ាញ។

ពិធីទទួលពានរង្វាន់នៅក្នុងកម្មវិធី THE BIZZ AMERICAS ក្រោមពាក្យស្លោក «ONE WORLD ONE AWARD» ដែលមានរយៈពេល២ថ្ងៃជាប់គ្នាចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមចំនួន៧៨អង្គភាព នៅទូទាំងពិភពលោក ក្នុងនោះកម្ពុជាមាន៦អង្គភាពផងដែរ។

ថ្លែងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៃមាតុភូមិនិវត្តន៍របស់វេជ្ជបណ្ឌិតជំនាញ តូច យ៉ាន បានឲ្យដឹងថា មូលហេតុដែលនាំឲ្យអង្គការវាយតម្លៃគុណភាពពិភពលោក ក្រោមពាក្យស្លោក «ONE WORLD ONE AWARD» ប្រគល់ពានរង្វាន់ជូនដល់លោកគឺដោយមានកត្តា៣សំខាន់ៗរួមមាន៖

ទី១៖ គុណភាពនៃការព្យាបាល៖ ដោយសារតែគ្លីនិក តូច យ៉ាន គឺព្យាបាលដោយចាក់ថ្នាំ និងលេបថ្នាំពេទ្យសម័យ មិនវះកាត់ មិនបាច់សម្រាកពេទ្យ នៅពេលដែលព្យាបាលជាសះស្បើយហើយ ធានាជូនដល់អ្នកជំងឺអស់មួយជីវិត។

ទី២៖ ការអភិវឌ្ឍន៍នៃគ្លីនិក៖ គ្លីនិកតូច យ៉ាន មានការអភិវឌ្ឍន៍ រីកចម្រើនខ្លាំង ដោយក្នុងរយៈពេល១៦ឆ្នាំ គ្លីនិកល្បីឈ្មោះមួយនេះ កើនដល់៥សាខា។

ទី៣៖ ការងារសង្គម៖ គ្លីនិកតូច យ៉ាន គឺបានចូលរួមកត្តាសង្គមជាច្រើន ក្នុងនោះគ្លីនិចព្យាបាលជំងឺឬសដូងបាត សម័យនេះ បានចូលរួមការងារមនុស្សធម៌ជាមួយនឹង ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី គឺបានចុះទៅតាមមូលដ្ឋានរបស់អ្នកជំងឺ នៅតាមតំបន់ដាច់ស្រយ៉ារយៈពេល៧ឆ្នាំមកហើយ។

សូមជម្រាបជូនថា គ្លីនិក តូច យ៉ាន ឯកទេសជំងឺឬសដូងបាតមកទល់នឹងពេលនេះមាន៥សាខា បានទទួលពានរង្វាន់៣រួចមកហើយ មួយវិញទៀតនៅចុងខែកញ្ញានេះ នឹងចេញទៅទទួលពានរង្វាន់ នៅប្រទេសអេស្ប៉ាញផងដែរ។ ពានរង្វាន់ដែលលោកវេជ្ជបណ្ឌិតទទួលបាន៖

* ថ្ងៃទី ១៥-១៦ ខែតុលា ឆ្នាំ២០១៦ ពានរង្វាន់ WQC, Gold Paris ,France
* ថ្ងៃទី ១-២ ខែកក្តដា ឆ្នាំ២០១៧ ពានរង្វាន់ BID, Arch of Europe Frankfurt , Germany
* ថ្ងៃទី ២៣-២៤ ខែសីហា ឆ្នាំ២០១៩ ពានរង្វាន់ One World One Award, The Bizz San Francisco, USA
* ថ្ងៃទី ២២-២៣ ខែ កញ្ញា ឆ្នាំ ២០១៩ ពានរង្វាន់ BID, Gold Category, Madrid, Spain (គំរោងទៅទទួលពានលើកទី៤នាពេលឆាប់ៗខាងមុខ)

ជាមួយគ្នានោះដែរ វេជ្ជបណ្ឌិតតូច យ៉ាន ក៏បានបញ្ជាក់បន្ថែមដែលថា «ខ្ញុំពិតជាមានមោទភាពខ្លាំងណាស់ ដែលខ្ញុំជាកូនខ្មែរ និងជាគ្រូពេទ្យខ្មែរ ហើយត្រូវបានអន្តរជាតិពិសេស គឺមហាអំណាចធំៗនៅលើពិភពលោកទទួលស្គាល់ និងជ្រើសរើសយើងទទួលពានរង្វាន់ ហេតុដូច្នេះហើយគឺជាមោទភាពកម្ពុជាមួយដែរ»

អនុប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី រូបនេះ ក៏បានអំពាវនាវដល់គ្រូពេទ្យនៅកម្ពុជាទាំងអស់ ខិតខំបង្កើនគុណភាព បង្កើតសមត្ថភាពបន្ថែមទៀត ក្នុងការប្រកួតប្រជែងជាមួយបណ្តាប្រទេស នៅលើពិភពលោក ដើម្បីឲ្យពិភពលោកបានមើលឃើញថា កម្ពុជាជាប្រទេសតូចមែន ក៏ប៉ុន្តែប្រទេសអច្ឆរិយមួយនេះសំបូរ ទៅដោយធនធានមនុស្សជាច្រើន ដែលយើងអាចប្រកួតប្រជែងនៅលើពិភពលោកបាន៕