(ព្រះវិហារ)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ បានដឹកនាំគណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី១០) ជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តព្រះវិហារ ប្រធានមន្ទីរជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដឹកនាំដោយលោក គោស៊ុំ ប៊ុនសឿត អភិបាលស្តីទី នៃគណៈអភិបាលខេត្តព្រះវិហារ ដើម្បីសិក្សាឈ្វេងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តតាមវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅសាលប្រជុំសាលាខេត្តព្រះវិហារ ។

ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានបញ្ជាក់ថា គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា បានចុះបេសកកម្មមកខេត្តព្រះវិហារនាពេលនេះ គឺមានគោលបំណងដើម្បីសិក្សាឈ្វេងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈមនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច លទ្ធផល នៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងបញ្ហារប្រឈមនានានៃការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងសំណូមពរ នានាដែលអាជ្ញាធរខេត្តព្រះវិហារបានជួបប្រទះក្នុងការអនុវត្តការងារនាពេលកន្លងមក។

ជាមួយគ្នានោះលោក គោស៊ុំ ប៊ុនសឿត អភិបាលស្តីទីអភិបាលខេត្តព្រះវិហារ បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងថ្លែងអំណរគុណដល់គណៈកម្មការទី១០ព្រឹទ្ធសភា ដែលបានចុះជួបពិភាក្សា និងប្រមូលព័ត៌មាន បញ្ហាប្រឈម និងសំណូមពរដែលពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការក្នុងទឹកដីខេត្តព្រះវិហារ។

បន្ថែមពីលើនេះ លោក គោស៊ុំ ប៊ុនសឿត ក៏បានជម្រាបជូនគណៈប្រតិភូ អំពីស្ថានភាពភូមិសាស្រ្ត ការអភិឌ្ឍ និងការងារមួយចំនួនដូចជា ការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើរពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវារដ្ឋបាល ការធ្វើវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ ដែលថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ទាំងអស់ បានខិតខំបំពេញភារកិច្ចរៀងៗខ្លូន ធ្វើឱ្យខេត្តមានការរីកចម្រើនជាបន្តបន្ទាប់។

ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានផ្តល់នូវអនុសាសន៍មួយចំនួនដល់អាជ្ញាធរខេត្ត ត្រូវចូលរួមធ្វើការដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅតាមមូលដ្ឋានរបស់ខ្លួន និងទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធត្រូវចូលរួមដោះស្រាយជាមួយគ្នាផងដែរ ដើម្បីឆ្លើយតបតាមសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ និងខេត្តមានការអភិវឌ្ឍន៍កាន់តែល្អប្រសើរឡើង។

លោក ម៉ម ប៊ុននាង ក៏បានសំណូមពរឱ្យថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទត្រូវចូលរួមទប់ស្តាប់ឱ្យបាននូវការប្រព្រឹត្តអំពើពុករលួយ ការរំលោភអំណាច ជាពិសេសការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តទាំងមូល។ ដោយឡែក ចំពោះបញ្ហាប្រឈម និងសូមណូមពរនានាដែលអាជ្ញាធរខេត្តពុំអាចដោះស្រាយបាន គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា នឹងរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីលើកអនុសាសន៍ជម្រាបដល់ក្រសួង ស្ថាប័នពាក់ព័ន្ធរួមគ្នាធ្វើការដោះស្រាយ។

បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះដែរ នៅសាលប្រជុំសាលាក្រុងព្រះវិហារ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា ដឹកនាំដោយលោក ម៉ម ប៊ុននាង បានអញ្ជើញជួបប្រជុំពិភាក្សាជាមួយនឹងក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ ដឹកនាំដោយលោក ឯ សារ៉ូ ប្រធានក្រុមប្រឹក្សាក្រុងព្រះវិហារ ដើម្បីសិក្សាឈ្វេងយល់អំពី វឌ្ឍនភាព បញ្ហាប្រឈមនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងបញ្ហារប្រឈមនានានៃការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងសំណូមពរនានាដែលអាជ្ញាធរក្រុងបានជួបប្រទះនៅមូលដ្ឋានរបស់ខ្លួន៕