(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅវេលាម៉ោង ៤៖៥៥នាទីរសៀល មានករណីលោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់១១៥គីឡូវ៉ុល ពីអនុស្ថានីយទី២ (GS2) ទៅ រោងចក្រអគ្គិសនី CEP និងអនុស្ថានីយទី៩ និងពីអនុស្ថានីយទី៨ ទៅរោងចក្រអគ្គិសនី KEP មូលហេតុដោយសារមានជាងសំណង់លើកទស័ង្កសី ប៉ះខ្សែបណ្ដាញតង់ស្យុងខ្ពស់(HV) ចន្លោះបង្គោលលេខ៣៤០ ទៅ៣៤១ នៅផ្ទះលេខ១៨៦ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ហេតុការណ៍នេះបណ្តាលឲ្យដាច់ចរន្តពីអនុស្ថានីយទី៨ (GS8) និងអនុស្ថានីយទី៩ (GS9) នៅ៖ (១)ផ្នែកខ្លះក្នុងខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ (២)ផ្នែកខ្លះក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ខណ្ឌបឹងកេងកង (៣)ផ្នែកខ្លះក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេស បានធ្វើការស្ដារប្រព័ន្ធ និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ៦៖០០នាទីល្ងាច។
ការដាច់ចរន្តនេះ បានធ្វើឲ្យបាត់បង់អនុភាពសរុបចំនួន ៨៧មេហ្គាវ៉ាត់។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លង ខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕