(ភ្នំពេញ)៖ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៩ឆ្នាំ (១៦/សីហា/២០១០-២៦/សីហា/២០១៩) នៃថ្ងៃបង្កើតកងពលតូចដឹកជញ្ជូនលខ៩៩ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចលេខ៩៩ បានថ្លែងទៅកាន់កងទ័ពទាំងអស់ថា ត្រូវតែស្មោះត្រង់ជានិច្ច ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងប្តូរផ្តាច់ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់។

លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានមានប្រសាសន៍ថា «នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ត្រូវតែមានស្មារតីស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងត្រូវប្តូរផ្តាច់ដើម្បីការងាររាជរដ្ឋាភិបាលស្របច្បាប់ ហើយជាងនេះទៅទៀតត្រូវតែគោរពស្រឡាញ់ និងសាមគ្គីភាពផ្ទៃក្នុងអង្គភាព ដើម្បីសម្រេចគោលដៅរួមគ្នា ក្នុងបុព្វហេតុជាតិមាតុភូមិ និងសង្គមជាតិយើង»

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក៏បានមានប្រសាសសន៍សំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៅក្នុងកងពល ហើយក៏ឆ្លៀតរៀបរាប់អំពីប្រវត្តិតស៊ូ របស់លោក និងយុទ្ធមិត្តក្នុងសម័យសង្គ្រាម ក៏ដូចជាលើកឡើងអំពីបទពិសោធន៍ការងារមួយចំនួនជូនដល់នាយទាហាន ពលទាហានទាំងអស់ដើម្បីផ្តល់ជាចំណេះដឹងផងដែរ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ ក៏បានបញ្ជាក់ផងដែរថា សមិទ្ធផលដែលសម្រេចបាននៅក្នុងកងពលដូចសព្វថ្ងៃនេះ ដោយសារមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ពីនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ អគ្គនាយក នាយកដ្ឋាន ភស្តុភារហិរញ្ញវត្ថុ ដែលតែងតែផ្តល់អនុសាសន៍ល្អៗ និងក្តីអនុគ្រោះចំពោះកំហុសឆ្គងទាំងឡាយ ដែលតែងតែកើតមានរបស់អង្គភាព។

បើតាមលោកមេបញ្ជាការ បញ្ជាក់ថានាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នៅកងពលតូចដឹកជញ្ជូនលេខ៩៩ បានយកចិត្តទុកដាក់ស្តាប់ និងអនុវត្តរាល់អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានថ្លែងក្នុងពេលសម្ភោធសមិទ្ធផលនានាទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយបានប្រែក្លាយអនុសាសន៍នោះ ទៅជាមនោសញ្ចេតនាគោរព ស្រឡាញ់ សកម្មភាព ការងារដ៏សកម្មរស់រវើក ក្នុងការសាមគ្គីភាព ឯកភាពរវាងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៅកងពលតូចលេខ៩៩ ឲ្យមានឆន្ទៈមុះមុតក្នុងការងារបម្រើជាតិមាតុភូមិ ពិសេសការងារដឹកជញ្ជូន ដែលជាការងារចំពោះមុខដែលថ្នាក់លើប្រគល់ឲ្យសម្រេចបានលទ្ធផលល្អ១០០%៕